ព្រះសីហនុៈ លោក វរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលផែនចរាចរណ៍ខេត្តព្រះសីហនុ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត និងម៉ូតូ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខមន្ទីរឧស្សាហកម្មរ៉ែ និងថាមពល ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ខេត្តព្រះសីហនុ។
មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-2528 បើកបរដោយឈ្មោះ ឆេង ស៊ីម ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ អ្នកបើកបរ ស្នាក់នៅភូមិ២ សង្កាត់លេខ១ ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះ ឯម កក្កដា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅជាមួយគ្នា លុះមកដល់ចំណុចខាងលើក៏បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាក ហុងដា ពណ៌ក្រហម គ្មានស្លាកលេខ ជិះដោយឈ្មោះ ហ្វាំង មិនហៃ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ដែលមានទិសដៅបញ្រ្ចាស់គ្នា បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
សូមបញ្ជាក់ថា ក្រោយពេលកើតហេតុ បានសាកសួរ ឈ្មោះ ឆេង ស៊ីម អ្នកបើកបររថយន្ត បានឆ្លើយថា ខ្លួនបានបើកបររថយន្តពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ តែដល់ខេត្តព្រះសីហនុ ឈប់នៅផ្ទះថៃកែ ក៏ទៅហូបបាយមិនដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍ទេ។ ប៉ុន្តែឈ្មោះ ឯម កក្កដា អ្នករួមដំណើរលើរថយន្ត បានឆ្លើយថា ឈ្មោះ ឆេង ស៊ីម ជាអ្នកបើកបររថយន្ត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ។
ចំពោះវត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ សាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់