ព័ត៌មានជាតិ

ទៀតហើយ នៅស្ពានជ្រោយចង្វារថ្មី ស្ត្រីម្នាក់មកលោតទឹក ប៉ងសម្លាប់ខ្លួន ធ្លាក់ចូលទឹកហើយ តែមិនស្លាប់…

ភ្នំពេញៈ ស្រ្តីមានវិបត្តិម្នាក់ទៀតហើយ បានធ្វើដំណើរ មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារថ្មី ហើយ ត្រូវអ្នកនេសាទជួយស្រង់សង្គ្រោះទាន់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ប្រមាណ៤រសៀលថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ ២០១៩ នៅគល់ស្ពានជ្រោយចង្វារខាងកើត ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះឈ្មោះ ស្រី មុំ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅស្នាក់ម្តុំផ្សារដើមគរ។

តាមប្រភពព័ត៌ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្រ្តីរូបនោះ ធ្វើដំណើរឡើងស្ពានពីទិសខាងលិចទៅកើត ។ មកដល់កណ្តាលស្ពាន ក៏បានលោតចូលក្នុងទន្លេតែម្តង ដោយភ្លាមៗ ពុំមានអ្នកដំណើរណាចាប់អារម្មណ៍ឡើយ តែមួយសន្ទុះក្រោយមក គេឃើញស្រ្តីខាងលើអណ្តែតឡើង ហើយហែលទឹក ត្រូវបានអ្នកស្ទួចត្រីហៅទូកនេសាទ ចេញទៅជួយស្រង់សង្គ្រោះ នាំយកមកគល់ស្ពានខាងកើត។

តាមការសាកសួររបស់សមត្ថកិច្ច បានឲ្យដឹងថា នាងពុំចង់រស់នៅឡើយ ដោយធុនទ្រាំនឹងជីវិត។ ទោះបីជាយ៉ាងណា នាងពុំបានឲ្យដឹងពីមូលហេតុអ្វីច្បាស់នោះទេ។ សមត្ថកិច្ច បានបញ្ជាក់ទៀតថា អំទ្បុងពេលសួរនាំស្ត្រីខាងលើ មានការសង្ស័យថា គាត់មានសតិមិនស្រូវប្រក្រតី។

គួរំឭកថា នេះជាថ្ងៃទី៣ហើយ បន្ទាប់ពីមានស្រ្តីមានវិបត្តិ ធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួន កាលពីថ្ងៃទី១០ និងថ្ងៃទី១១ ខែកុម្ភៈ នារីម្នាក់បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួន ២ថ្ងៃជាប់ៗគ្នា តែពុំបានសម្រេចឡើយ ខណៈដែលស្ត្រីខាងលើ លោតបានសម្រេច តែមិនស្លាប់៕

មតិយោបល់