ព័ត៌មានជាតិ

លោក វ៉ែន សុវិន៖ ករណីចរាចរណ៍ស្លាប់ស្ត្រីម្នាក់នៅស្រុកពញាឮ ជនបង្កមិនបានចាប់ខ្លួនទេគឺរត់គេចខ្លួនបាត់ហើយ

កណ្ដាល: លោក វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្ដាលទទួលសណ្តាប់ធ្នាប់និងចរាចរណ៍ បានបញ្ជាក់ប្រាប់ភ្នាក់ងារPost News នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ថា ជនបង្កបានរត់គេចខ្លួនបាត់ហើយ មុនពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ពោលគឺពុំមានការឃាត់ខ្លួនជនបង្ក ដូចការផ្សព្វផ្សាយទេ ។

ស្ត្រីចំណាស់ម្នាក់ស្លាប់ភ្លាមៗ ក្រោយបុរសម្នាក់បើករថយន្តបុកម៉ូតូពេញទំហឹង កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩និង២០ ភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ។

របាយការណ៍នគរបាលស្រុកពញាឮ បង្ហាញថា ស្ត្រីរងគ្រោះឈ្មោះ វ៉ាន់ ស៊ីនួន អាយុ៥៨ឆ្នាំ ។ ចំណែកជនបង្កឈ្មោះ វ៉ាន់ បូម៉ាត់សាលី អាយុ២៦ឆ្នាំ បើកបររថយន្តម៉ាកVIGOពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2R-3281 ។

ចំណែកលោក ទុយ សុភាព អធិការរងនគរបាលស្រុកពញាឮ ថ្លែងថា ក្រោយហេតុការណ៍នេះ ជនបង្កបានរត់ខ្លួន ដោយបន្សល់ទុករថយន្ត និង មនុស្សពីរនាក់ នៅកន្លែងកើតហេតុ ។ បច្ចុប្បន្ន នគរបាលកំពុងបន្តនីតិវិធី ។

សូមរំលឹកថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៩-២០ ក្នុងភូមិសាស្ត្រភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ ស៊ីនួន ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ គេឃើញរថយន្តបង្កម៉ាក វីហ្គូ ពណ៌ទឹកមាស ពក់ស្លាកលេខ ភ្នំពេញ2R-3281 បើកបរដោយឈ្មោះ វ៉ាន់ បូម៉ាត់សាលី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លុះមកដល់កន្លែងកើតហេតុ បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្ត្រីអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ នឹងនាំយកមធ្យោបាយពាក់ព័ន្ធ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការដោះស្រាយតាមនីតិវិធី។ ចំពោះសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់