ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំ ICONBSB ពិភាក្សាអំពីបញ្ហាសំខាន់ៗ ស្តីពីការបើកច្រកព្រំដែនថ្មី នៅស្ទឹងបត់ នៅទីស្តីការក្រសួងសាធារណការ និងការដឹកជញ្ជូន។
ទំព័រហ្វេសប៊ុកក្រសួងសាធារណការ ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភានេះ បានឲ្យដឹងថា កិច្ចប្រជុំនេះ ពិភាក្សាអំពីបញ្ហាសំខាន់ៗ ដែលពាក់ព័ន្ធនឹងការសាងសង់ច្រកព្រំដែនអន្តរជាតិថ្មី នៅស្ទឹងបត់ ព្រមទាំងបានពិនិត្យមើលឡើងវិញ នូវសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់ ដែលជាលទ្ធផលនៃកិច្ចប្រជុំចុងក្រោយ នៅទីក្រុងបាងកក រវាងគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងនាយកដ្ឋានផ្លូវហាយវ៉េ របស់ក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ។
បើតាមប្រភពដដែល បង្ហាញឲ្យដឹងថា ច្រកព្រំដែនថ្មី នៅស្ទឹងបត់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលចរាចរណ៍របស់រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជា-ថៃ និងជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត នាពេលបច្ចុប្បន្ន។ ការសាងសង់ច្រកព្រំដែនថ្មីនេះ ធ្វើឡើងក្រោមការផ្តល់ប្រាក់កម្ចីសម្បទានដោយរដ្ឋាភិបាលថៃ ឯចំណែកស្ពានឆ្លងស្ទឹងបត់ កសាងឡើងក្រោមថវិកាចំណាយដោយរាជរដ្ឋាភិបាលថៃ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជំរុញឲ្យក្រុមការងារបញ្ជូនសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ដែលបានកែសម្រួលរួចទៅភាគីថៃ ធ្វើការពិនិត្យមុនពេលចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ ដើម្បីចាប់ផ្ដើមការសាងសង់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
មតិយោបល់