ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ លួចកាច់កម៉ូតូគេទៅបញ្ចាំត្រូវសមត្ថកិច្ចក្របួចកជាប់!

ភ្នំពេញ: អាវុធហត្ថខណ្ឌដូនពេញបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ចំនុចផ្លូវ១៧២កែង៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សឹង្ហ រតនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្តុំវត្តឈូកវ៉ា ខណ្ឌសែនសុខ និងទី២ឈ្មោះ ម៉ែន ពិសាល ភេទប្រុស អាយុ២១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅបុរីកីកីឡា ខណ្ឌ៧មករា រីឯជនរងគ្រោះឈ្មោះ យ៉ាន វុទ្ធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមន្រ្តីសាលាខណ្ឌសែនសុខ ស្នាក់នៅផ្ទះជួលផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
វត្ថុតាងចាប់យករួមមាន ម៉ូតូ១គ្រឿងម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FI:2575 ជាម៉ូតូរបស់ជនរងគ្រោះ ដែកសំរាប់ឆ្កឹះសោរចំនួន២ សោរអក្សរអិលចំនួន១ កូនកាំបិតចំនួន១ ទូរសព្ទចំនួន២គ្រឿង (HUAWEI ១គ្រឿងនិងម៉ាកSUMSUNG ១គ្រឿង) កាតATMនិងឯកសារមួយចំនួន(ជារបស់ជនរងគ្រោះ)។

ប្រភពដដែលបានបន្តថា ជនរងគ្រោះបានបាត់ម៉ូតូខាងលើ កាលពីម៉ោង២និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំនុចមុខហាងអ៊ីនធើណេតមិនចាំយីហោ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយជនរងគ្រោះបានចតម៉ូតូទុកចោលរយ:ពេលប្រហែល១ម៉ោង ហើយដើរចូលទៅក្នុងហាង ពេលចេញមកវិញស្រាប់តែបាត់ម៉ូតូតែម្តង។ ក្រោយពេលបាត់ជនរងគ្រោះក៏បានស្វែងរកគ្រប់ច្រកល្ហក ចុងក្រោយក៏បានប្រទះឃើញជនសង្ស័យ២នាក់ខាងលើ កំពុងតែជិះនៅក្បែរផ្សារសុរិយាម៉ល ក៏បានស្រែកថាចោរៗ ស្របពេលដែលកម្លាំងល្បាតយើងនៅក្បែនោះឃើញ ក៏បានដេញប្រផាប់ចាប់ប្រភីង រហូតដល់ចំនុចខាងលើ ឃាត់ខ្លួនបានយកមកមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ម៉ូតូខាងលើគឺពួកគេមិនមែនជាអ្នកលួចទេ គឺពួកគេយកពីឈ្មោះឌី ក្នុងគោលបំណងយកទៅបញ្ចាំ ហើយឈ្មោះឌី បានសន្យាថាបើបញ្ជាំបាន គេនឹងឲ្យលុយចំនួន២០ដុល្លា ប៉ុន្តែមិនទាន់រកកន្លែងបញ្ចាំឃើញផង ក៏ត្រូវកម្លាំងយើងឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យបទល្មើសព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់