រតនគិរីៈ លោក ងយ ដន អធិការរងស្រុងអូរយ៉ាដាវ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា បុរសម្នាក់បានលង់ទឹកអូរស្លាប់ បន្ទាប់ពីនាំគ្នា៤នាក់ ទៅរកសត្វត្រកួតនៅក្នុងព្រៃ ហើយបានហែលឆ្លងទឹកអូរទៅត្រើយម្ខាង ដោយ៣នាក់បានហែលទៅផុត នៅសល់តែជនរងគ្រោះ ហែលទឹកមិនទាន់ផុត ក៏ត្រូវទឹកហូរកួចយកទៅបាត់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចទឹកអូរតាង ស្ថិតនៅភូមិតាកុកភ្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ជនរងគ្រោះ ឈ្មោះ រម៉ាស់ អ្យាល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិច្រាយ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ខណដែលជនរងគ្រោះ កំពុងហែលទឹកឆ្លងទៅត្រើយម្ខាង ស្រាប់តែទឹកហូរកួចខ្លាំងពេក ធ្វើឲ្យជនរងគ្រោះអស់កម្លាំង ក៏ត្រូវលង់ទឹកស្លាប់តែម្តង។
ប្រភពដដែល បានបញ្ជាក់ថា ក្រោយពីជនរងគ្រោះ បានលង់ទឹកស្លាប់ ភ្លាមៗផងដែរ គ្នា៣នាក់ទៀត ក៏បានហែលទឹកមកវិញ ដើម្បីមកហៅអ្នកភូមិ ឲ្យជួយរកឃើញសពជនរងគ្រោះ ដោយរកឃើញសាក នៅចម្ងាយពីរកន្លែងកើតហេតុ ប្រហែល៦០០ ម៉ែត្រប៉ុណ្ណោះ វេលាម៉ោង៦ព្រឹក ថ្ងៃទី៣ ខែកក្កដានេះ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុក បានចុះមកធ្វើកោសល្យវិច័យសព ឃើញថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ទើបធ្វើកំណត់ហេតុ រួចប្រគល់សពទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់