ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ មានមុខរបរ ជាអ្នកគួកជេរដី បន្ទាប់ពីបាននាំបក្ខពួក វាយបំផ្លិចបំផ្លាញបង្គោលថ្មព្រំដី នៅចំណុចវាលស្រែ ភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក៏ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

ជនសង្ស័យឈ្មោះ សឿន ចំរើន ហៅ ជាងអូន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ គួកជេដី នៅភូមិស្រែតាមែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។
សម្ភារខូចខាតរួមមាន ៖ បង្គោលថ្ម ដាំតាមព្រំដីមានចំនួន ៦៣ ដើម ។
ជនរងគ្រោះ ឈ្មោះ ម៉េង សុខណាង ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ នៅភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅវេលាម៉ោង ១០និង២២នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចវាលស្រែ ភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ជនសង្ស័យនិងបក្ខពួក បាននាំគ្នាវាយបំផ្លិចបំផ្លាញបង្គោលព្រំដី របស់ជនរងគ្រោះខាងលើអស់ចំនួន៦៣ដើម ។
បន្ទាប់ពីកើតហេតុភ្លាម ៖ ជនរងគ្រោះបានតេទូរស័ព្ទមកប្តឹងសមត្ថកិច្ចថា ជនសង្ស័យឈ្មោះ សឿន ចំរើន និងបក្ខពួក បានមកវាយបំផ្លាញបង្គោលព្រំដីស្រែរបស់ខ្លួននៅភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្រោយមកតាមបញ្ជារបស់លោកអធិការឱ្យកម្លាំងជំនាញ ចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍និងអាជ្ញាធរភូមិឃុំ ចុះទៅដល់កន្លែងហេតុ ដើម្បីការពារកុំឱ្យមានអំពើហិង្សានិងហាមឃាត់កុំឱ្យវាយបំផ្លិចបំផ្លាញតទៅទៀត ហើយសំណូមពរភាគីទាំងសងខាងឱ្យមកដោះស្រាយគ្នានៅសាលាឃុំ ឬសាលាស្រុកក៏បាន ។ ប៉ុន្តែភាគីខាង សឿន ចំរើន មិនព្រមស្តាប់សមត្ថកិច្ច ហើយស្រែកឡូឡាបញ្ជាឱ្យកូនចៅថតសមត្ថកិច្ច ហើយទាម ទារឱ្យសមត្ថកិច្ចនិងអាជ្ញាធរ ដោះស្រាយឱ្យខ្លួននៅកន្លែងកើតហេតុឱ្យចប់រឿង។
បន្ទាប់មកលោកអធិការបញ្ជាឱ្យដកកម្លាំងត្រឡប់មកអធិការដ្ឋានវិញ លុះដល់វេលាម៉ោង ១៤និង០០នាទី ថ្ងៃដដែល ជនរងគ្រោះឈ្មោះ ម៉េង សុខណាង បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន ប្តឹងទៅលើឈ្មោះ សឿន ចំរើន និងបក្ខពួក ពីបទ វាយបំផ្លិចបំផ្លាញ (ធ្វើអោយខូចខាតដោយចេតនា)។

ក្រោយពីទទួលពាក្យបណ្តឹងរួច អធិការដ្ឋានស្រុកអង្គស្នួល បានចេញលិខិតកោះហៅ ឈ្មោះ សឿន ចំរើន ឱ្យចូលខ្លួនមកបំភ្លឺរឿងផ្ទាល់ខ្លួន ដោយយោងតាមបណ្តឹងខាងលើ ប៉ុន្តែមិនព្រមចូលខ្លួនតាមការកោះហៅនោះទេ។

រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿន ចំរើន តាមដីកាបញ្ជាឲ្យចូលខ្លួន ពីបទ ៖ ធ្វើឲ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តនៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។
ដីកាលេខ០៦១ ដកបចខ/២០២១ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ របស់ឯកឧត្ដម លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ៖ ករណីនេះផ្តើមចេញពីវិវាទដីធ្លី ។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ចាត់ការតាមច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
មតិយោបល់