ស្វាយរៀងៈ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលប្រជាពលរដ្ឋបាននាំគ្នាទៅបេះផ្សិតនៅក្នុងចំការកូនប្រេងខ្យល់មួយកន្លែង ស្ថិតក្នុងភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ហើយបានប្រទះឃើញសាកសពបុរសម្នាក់ពុំត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងចំការកូនប្រេងខ្យល់តាទឺង ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធបុរសឈ្មោះ ទឹម ណុន អាយុ៣០ឆ្នាំជាអ្នកដែលបានឃើញហេតុការណ៍ខាងលើបាននិយាយថា នៅព្រឹក ថ្ងៃកើតហេតុប្តីរបស់គាត់បានទៅដកផ្សិតជាមួយបុរសម្នាក់ទៀតជាអ្នកជិតខាងឈ្មោះខៀវ សិត ហៅក្រិច រស់នៅភូមិទួលអំពិលសង្កាត់ច្រកម្ទេសក្រុងបាវិត។
ប្រភពដដែលបានឱ្យដឹងទៀតថា នៅពេលទៅដកផ្សិតបានបន្តិច ប្តីរបស់គាត់បានធំក្លិនស្អុយចម្លែកចេញពីក្នុងព្រៃប្រេងខ្យល់ ហើយប្តីរបស់គាត់បានដើរតាមរកក្លិនស្អុយនោះ ស្រាប់តែប្រទះនិងសាកសពបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ ដេកស្លាប់ ឡើងស្វិតអស់ទៅហើយ។ ឃើញដូចច្នេះ ប្តីរបស់គាត់ក៏បានរត់មកផ្ទះប្រាប់រូបគាត់អំពីរឿងរ៉ាវនៃការប្រទះឃើញសាកសពព្រមទាំងបានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
សមត្ថកិច្ចបានឱ្យដឹងថា សាកសពដែលប្រជាពលរដ្ឋ បានប្រទះឃើញនោះជាបុរសមាឌធំខ្ពស់ ប៉ុន្តែមិនស្គាល់អត្តសញាណទេ ពីព្រោះសពអាចស្លាប់ច្រើនថ្ងៃមកហើយ សពឡើងក្រៀមមើលពុំយល់ឡើយ បន្ទាប់មកក៏បានហៅអ្នកស្រុកជួយយកសពទៅកប់នៅក្នុងចំការកូនប្រេងខ្យល់នោះតែម្តង រង់ចាំមើលក្រែងមានក្រុមគ្រួសារសាច់ញាតិសួររក៕
មតិយោបល់