ព័ត៌មានជាតិ

ចូលរួមរំលែកទុក្ខផង! សប្បាយក្លាយជាទុក្ខក្មេងស្រីវ័យ១៤ឆ្នាំម្នាក់កំពុងសប្បាយនៅPub Street យកដៃកាន់បង្គោលភ្លើងឆក់ស្លាប់មួយរំពេច

សៀមរាបៈ លោកវរសេនីយ៍ឯក សំ សុជាតិ ស្នងការរងទទួលការងារអាវុធជាតិផ្ទុះនិងអគ្គិភ័យ បានប្រាប់Post News ថា កាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០១៧ មានករណី ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់ក្មេងស្រី វ័យ១៤ឆ្នាំម្នាក់ ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងនៅចំណុចមុខផ្ទះអង្គរហ៊ើប និងផ្ទះម៉ាស្សា Baray Spa ស្ថិតក្នុងភូមិមណ្ឌលមួយ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបញ្ជាក់ថា ក្មេងស្រីរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ លី មុនីរដ្ឋានី ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅខេត្តកំពង់ស្ពឺ។

តាមការបំភ្លឺរបស់បងស្រីសព បានឲ្យដឹងថា មុនពេលកើតហេតុ ប្អូនស្រីរបស់ខ្លួនបានដើរមកដល់កន្លែងកើតហេតុ រួចយកដៃទៅកាន់បង្គោលដែក ដែលនៅព្រំផ្ទះទាំងពីរ ភ្លាមនេះគាត់ជាបងក៏នៅជិត ស្រាប់តែភ្លើងបានឆក់ទាញប្អូនស្រីគាត់ដួល ហើយគាត់បានខំទាញប្អូនឡើងថែមទាំងឆក់គាត់ទៀត តែដោយមានមិត្តភក្តិជួយទាញខ្ញុំចេញបានភ្លាម ហើយប្អូនស្រីគាត់បានដួលទៅនិងការ៉ូទៅហើយ ទើបពួកគាត់បានចាប់ផ្តើមយកនាងទៅមន្ទីរពេទ្យបង្អែក ជួយ និងព្រមទាំងយកទៅរ៉ូយ៉ាល់ទៀត តែនាងបានបាត់បង់ជិវិតហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យ រួចប្រគល់សាកសពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់