កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបើកបរស្របទិសគ្នា បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២នាក់ ស្លាប់និងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី យប់ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបន្តឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-5731 បើកបរដោយឈ្មោះ គួន គឹមសៀប ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិ វាលអំពិល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ (មានជាតិអាល់កុល ០,៨៩២ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍) រួមដំណើរជាមួយនឹងឈ្មោះ អ៊ុត គីមតី ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិ គីរីអណ្តែត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបុកជាមួយនឹងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកទូរហ្វមនីកា ពណ៌ស គ្មានស្លាកលេខ ដែលកំពុងឈប់លើទ្រូងផ្លូវ ដែលសមត្ថកិច្ចកំពុងហៅត្រួតពិនិត្យជាតិអាល់កុលពេញទំហឹង បណ្តាលឲ្យភាគីដែលរួមដំណើរក្នុងរថយន្តហាយឡែនឌ័រម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសស្រាល រីឯអ្នកបើករថយន្តហ៊ីយ៉ាន់ដាយ គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ មធ្យោបាយធ្វើដំណើរខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់