ភ្នំពេញៈ ស្រីស្រស់ម្នាក់ត្រូវនគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការក្នុងបទចោទប្រកាន់លួចលុយគេគេចបាត់មួយរយៈ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ ម៉ឺន ស្រីណែត អាយុ ២១ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅចល័តតាមបន្ទប់ផ្ទះជួល។
ដំណើររឿង៖ តាមប្រភពពីលោក កន ឆង់ អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកធនាគារឯកជនលីដ ជាជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ គាត់កំពុងតែដេកនៅក្នុងបន្ទប់ជួលជាន់ទី១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ជួបជនសង្ស័យមកសុំដេកស្នាក់នៅជាមួយគាត់ បានយល់ព្រមតាមការសុំស្នាក់នៅរបស់នាងដោយយល់ថា ជាមិត្តភ័ក្ដិរបស់ក្មួយប្រុស។ ជនរងគ្រោះបានបន្តថាលុះ ៣ថ្ងៃក្រោយមក នៅថ្ងៃទី២៧ គាត់បានត្រឡប់មកពីធ្វើការវិញ បានឃើញក្មួយប្រុសគាត់ កំពុងដេកលក់ ឯនាងកំពុងអង្គុយនៅក្បែរនោះ។ នៅពេលនោះគាត់ក៏បានដេកក្បែរក្មួយ រួចក៏បានប្រាប់ឲ្យនាងយកលុយក្នុងកាបូប១ម៉ឺនរៀល ទៅទិញម្ហូបសម្រាប់អាហារថ្ងៃត្រង់។
ចំណែកជនសង្ស័យពេលត្រឡប់ពីទិញម្ហូបវិញមកដល់ផ្ទះឃើញពូ និងក្មួយកំពុងដេកលង់លក់ក៏ បានបើកកាបូបលួចយកលុយអស់ចំនួន៤០០ដុល្លារ ហើយគេចខ្លួនបាត់ភ្លាមៗតែម្តងក្នុងគ្រានោះ។ ពេលជនរងគ្រោះភ្ញាក់ពីដេកងើបឡើង អត់ឃើញនាងស្ទុះមកបើកកាបូប បាត់លុយអស់រលីងទើបដឹងថា នាងជាចោរលួចលុយក៏បានព្យាយាមតាមស្វែងរករហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២១យប់ ក៏បានប្រទះឃើញនាងជនសង្ស័យ កំពុងអង្គុយនៅលើរ៉ឺម៉កកង់បី ម្តុំមុខសួនច្បារពោធិ៍ចិនតុង ទើបនាំខ្លួនមកប្រគល់ឲ្យប៉ូលិសខណ្ឌសែនសុខ ចាត់ការតាមផ្លូវច្បាប់ និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់តែម្តង៕
មតិយោបល់