ព័ត៌មានជាតិ

ជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចធ្វើការបង្ក្រាប

ភ្នំពេញ: ជនសង្ស័យម្នាក់និងថ្នាំញៀនចំនួន១៧កញ្ចប់តូចធំ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាបជាក់ជាក់ស្តែង។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលំ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ស៊ុម ហ៊ឹង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្លូវលំ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ គឺកម្លាំងសមត្ថកិច្ចយើងបានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការចុះបង្ក្រាបជាក់ស្តែងនៅមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ និងបានដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន១៧កញ្ចប់ ដោយក្នុងនោះមាន មួយកញ្ចប់ធំ ជញ្ជីងថ្លឹងគ្រឿងញៀនមួយ ថង់សម្រាប់ច្រកគ្រឿងញៀន ឧបករណ៍ប្រើប្រាស់គ្រឿងញឿន និងដាវកែច្នៃមួយដើម។ ក្រោយមក សមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាកដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់