ព័ត៌មានជាតិ

តុលាការសម្រេចដោះលែងប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងកូនចៅ នៅថ្ងៃប្រកាសសាលក្រម

ភ្នំពេញៈ ដូចជាការគ្រោងទុកនៅព្រឹកថ្ងៃទី៤ ខែកក្កដាឆ្នាំ២០១៧នេះ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសឈ្មោះ គង់ មករា ភេទប្រុស អតីតប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ និងជនជាប់ចោទឈ្មោះ នួន ផល្លី ភេទប្រុស អតីតប្រធានការិយាល័យ គណនេយ្យ និងហិរញ្ញវត្ថុ មន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ
ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារគិតចាប់ពីឃុំខ្លួន ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧នេះតែប៉ុណ្ណោះ ចំណែកទោសដែលនៅសល់ត្រូវព្យួរធម្មតា។

សាលក្រមរបស់លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចប្តូរបទចោទប្រកាន់ថ្មីលើជនជាប់ចោទ តបតាមសំណើរបស់លោក ងិន ពេជ្រ ជាតំណាងអយ្យការបានស្នើកាលពីថ្ងៃសវនាការ ពីបទចោទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត តាមមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ ដែលអាចប្រឈមការជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ ទៅជាបទការកេងយកប្រយោជន៍ដោយខុសច្បាប់ យោងតាមមាត្រា ៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមការជាប់ពន្ធនាគារត្រឹម២ឆ្នាំ ទៅ៥ឆ្នាំ ពោលគឺស្រាលជាងបទចោទចាស់ដែលលោក ងិន ពេជ្រ ធ្លាប់បានចោទប្រកាន់លើជនជាប់ចោទទាំង២នាក់ ដែលជនជាប់ចោទទាំង២នាក់បានប្រព្រឹត្តនៅចំណុចភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣។

ក្រៅពីផ្តន្ទាទោសដាក់ពន្ធនាគារ តុលាការមិនបានដាក់ពិន័យលើជនជាប់ចោទនោះទេ ប៉ុន្តែសម្រេចរឹបអូស លុយ ៥៥០០ដុល្លារ លុយ ១,៦០០,០០០រៀល និងដីដែលជនជាប់ចោទ យកលក់នោះ ចូលជារបស់រដ្ឋវិញ។

នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅលោក គង់ មករា បានសារភាពថា ខ្លួនពិតជាបានដឹងថា មានការលក់ដីមន្ទីរទំហំ ១៣ម៉ែត្រ គុណនឹង ៧៤ម៉ែត្រ ដោយទទួលបានតម្លៃ សរុប ៦២,៤០០ដុល្លារ យកទៅចែកគ្នា ជាមួយមន្ត្រីនៅក្នុងមន្ទីរតាមឋានៈ ចាប់ពីម្នាក់២,០០០ដុល្លារ ហើយខ្លួនទទួលលុយចំនួន ១ម៉ឺនដុល្លារម្នាក់ឯង។ ជនជាប់ចោទបានបន្ដថា មូលហេតុដែលខ្លួនហ៊ានសម្រេចជាមួយមន្ត្រី យកដីនោះលក់ព្រោះដីនោះមិនស្ថិតនៅក្នុងបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរ។

លោក នួន ផល្លី បានឆ្លើយថា ខ្លួនត្រូវបានមន្ត្រីមន្ទីរចំនួន១៦រូប នៅក្នុងអង្គប្រជុំដែលមានលោក គង់ មករា ជាប្រធានអង្គប្រជុំ បានជ្រើសតាំងឲ្យធ្វើជាតំណាងឈរឈ្មោះ ចុះបញ្ជីដីរដ្ឋទំហំ ១៣ម៉ែត្រ គុណនិង ៧៤ម៉ែត្រ នោះធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន ដើម្បីយកទៅលក់យកលុយចែកគ្នា។

សាក្សីឈ្មោះ អ៊ួន ចិន្ដា ប្រធានការិយាល័យរដ្ឋបាល មន្ទីររ៉ែ និងថាមពល បានឆ្លើយថា នៅពេលដែលដឹងថា មន្ទីរនឹងត្រូវបំបែកជាពីរ ពេលនោះមន្ត្រីនិងថ្នាក់ដឹកនាំមន្ទីរបានឲ្យលោកស្រីធ្វើលិខិតស្នើទៅមន្ទីរសុរិយោដីខេត្តមកចុះវាស់វែងដីមន្ទីរចុះបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋ ដែលមានដីទំហំ ៧៣ម៉ែត្រ គុណនឹង ៨៤ម៉ែត្រ។

បើយោងតាមចម្លើយសាក្សីជាច្រើនរូប រួមមាន មេភូមិសំរោង ចៅសង្កាត់កំពង់ប្រណាក ភូមិបាលក្រុងព្រះវិហារ និងអភិបាលក្រុងព្រះវិហារ បានឆ្លើយថា ពួកខ្លួនបានចុះទៅវាស់វែងដីនិងបានចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ដី ទំហំ ១៣ម៉ែត្រ គុណនឹង ៧៤ម៉ែត្រ នោះមែន ព្រោះតែដីនោះមានឈ្មោះ នួន ផល្លី អះអាង និងមានឯកសារបញ្ជាក់កម្មសិទ្ធិ។

លោក យ៉ាន សុធា បានឆ្លើយថា លោកបានទិញដីនោះស្របច្បាប់ពីឈ្មោះ នួន ផល្លី ជាម្ចាស់កម្មសិទ្ធិ ក្នុងតម្លៃ ៤,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយមានអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់បានដឹងឮ និងចុះហត្ថលេខាលើឯកសារទិញលក់។ លោកថា បើរដ្ឋចង់យកដីនោះវិញ លោកព្រមប្រគល់ឲ្យ ប៉ុន្តែត្រូវតែមានសំណងឲ្យលោកគ្រប់គ្រាន់តាមការខាតបង់។

គួររំឮកថា អង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅ លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ និងឈ្មោះ នួន ផល្លី ដើម្បីស្តាប់ចម្លើយកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ និងបានឃាត់ខ្លួនជនសង្ស័យរូបនេះជាមួយបក្ខពួកម្នាក់ទៀត បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត។

ក្រោយសាកសួរចប់សព្វគ្រប់ លោក វេង ហ៊ត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦៕

មតិយោបល់