ព័ត៌មានជាតិ

ស៊យមែនលួចបានហើយ ម្ចាស់ផ្ទះជាគ្រូបង្រៀននៅវិទ្យាល័យបាក់ទូក មកទាន់ចាប់ប្រគល់ឲ្យប៉ូលិស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន២ ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចគាស់ផ្ទះគ្រូបង្រៀន។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបេតុង ផ្ទះលេខ៤៥៣ ក្រុម១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមសម្តីម្ចាស់ផ្ទះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់បានចេញទៅធ្វើការបាត់រាងៗខ្លួនហើយបានចាក់សោផ្ទះទុកចោល ខណៈពេលដែលរូបគាត់ត្រឡប់មកពីបង្រៀនសិស្សវិញក៏ឃើញទ្វារផ្ទះរបើក ហើយក៏ប្រទះឃើញជនសង្ស័យម្នាក់បានយួរលេបថបរបស់គាត់មួយគ្រឿងចេញមកពីក្នុងផ្ទះរបស់គាត់ ហើយគាត់ក៏បានស្រែកឆោឡោឲ្យអ្នកជិតខាងជួយក្រោយពីបានឮសម្លេងស្រែកឆោឡោទើបអ្នកជិតខាងនាំគ្នាជួយចាប់ជនសង្ស័យខាងលើប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងទំពុន២ យកជនសង្ស័យខាងលើមកធ្វើការសាកសួរបន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះដើម្បីយករបស់មានតម្លៃពិតប្រាកដមែន ដោយរូបគេត្រូវការយកលុយទិញថ្នាំញៀនជក់។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះទេព ឆវី ភេទស្រី អាយុ៤៧ ឆ្នាំមុខរបរគ្រូបង្រៀននៅវិទ្យាល័យបាក់ទូក ស្នាក់នៅចំណុចខាងលើ។

ចំណែកជនសង្ស័យមានឈ្មោះ សុខ ពៅ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

បច្ចុប្បន្នជនសង្សយ័ខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់