ព័ត៌មានជាតិ

CRV ស្រវឹងជោគទៅបុកឡិចស៊ីសពេញទំហឹងខូចខាតយ៉ាងដំណំ នៅម្តុំផ្សារទំនើបTK

ភ្នំពេញ: រថយន្តម៉ាក CRV មួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា បានបើកទៅបុករថយន្តឡិចស៊ីសមួយគ្រឿងផ្សេងទៀត យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តឡិចស៊ីស ខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងែទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១៦ កែងនិងផ្លូវលេខ២៨៩ ម្តុំផ្សារទំនើបTK ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្លាមៗរថយន្តCRV បានព្យាយាមបើករថយន្តរត់គេចខ្លួន រហូតមកដល់ផ្លូវលេខ៥៩៨ ទល់មុខក្រុមហ៊ុនហាងបញ្ចាំ លីហួរ ដែលស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក៏ត្រូវបានភាគីខាងរថយន្តឡិចស៊ីស និងប្រជាពលរដ្ឋដែលឃើញហេតុការណ៍នាំគ្នាដេញតាមពីក្រោយទាន់។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-4198 រួមដំណើរដោយនារី២នាក់ទៀត ក្នុងរថយន្ត បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១៦ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ត្រង់ចំណុចស្តុបផ្លូវបែកជាបួន ក៏មានរថយន្តCRVមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q- 2669 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង បានបើកទៅបុករថយន្ត ឡិចស៊ីស ពីចំហៀងខាងស្តាំពេញទំហឹងតែម្តង បណ្តាយឲ្យរថយន្ត ឡិចស៊ីសរងការខូចខាតផ្នែកមុខខាងស្តាំស្ទើរតែទាំងស្រុង ខណ:នោះស្រាប់តែរថយន្ត CRV បានព្យាយាមបើករថយន្តរត់គេចខ្លួន ភ្លាមៗនោះ ភាគីខាងរថយន្តឡិចស៊ីស និងប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានព្យាយាមនាំគ្នាដេញតាមរថយន្តCRVពីក្រោយ រហូតមកដល់ផ្លូវលេខ៥៩៨ ទល់មុខនិងក្រុមហ៊ុនហាងបញ្ចាំ លីហួរ ដែលស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទើបតាមទាន់និងឃាត់អ្នកបើកបររថយន្តឲ្យមកដោះស្រាយសិន ។

ក្រោយពេលឃាត់រថយន្តCRVបានហើយ ភាគីទាំងសងខាងបានធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្តCRV បានចេញថ្លៃការខូចខាតទាំងស្រុង ដល់ភាគីខាងរថយន្តឡិចស៊ីស ដើម្បីបញ្ចប់រឿងកុំឲ្យវែងធ្ងាយទៀតតែម្តង។

មតិយោបល់