ព័ត៌មានជាតិ

ហួសចិត្ត! ព្រោះរឿងប៉ុណ្ណឹងសោះ ធ្វើឲ្យផ្អើលសមត្ថកិច្ចនិងប្រជាពលរដ្ឋ

ភ្នំពេញៈ គ្រាន់តែជិះម៉ូតូជ្រែកាត់មុខធ្វើឲ្យបុរសម្នាក់ដែលត្រូវគេជិះជ្រែនោះស្រែកថាចោរៗបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋហើយសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្សទល់មុខពេទ្យកាល់ម៉ែតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសដែលជិះម៉ូតូជ្រែគេនោះឈ្មោះ ហេង ហ៊ អាយុ៣៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅជាមួយបងប្អូនក្នុងសង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែបុរសដែលស្រែកថាចោរៗបណ្តាលឲ្យផ្អើលគេផ្អើលឯងនោះឈ្មោះ យី វុទ្ធី អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសទាំង២នាក់ជិះម៉ូតូមាក់ឌ្រីមម្នាក់មួយហើយបុរសឈ្មោះ ហេង ហ៊ បានជិះម៉ូតូជ្រែម៉ូតូ របស់ឈ្មោះយី វុទ្ធី ហើយមិនដឹងយ៉ាងម៉េចដោយឈ្មោះយី វុទ្ធី ស្រវឹងស្រាផងក៏ស្រែកថាចោរៗបណ្តាលឱ្យផ្អើលប្រជាពលរដ្ឋនៅម្តុំកន្លែងកើតហេតុខណៈនោះសមត្ថកិច្ចដែលកំពុងតែល្បាតក្បែរនោះកំពុងតែរកមុខចោរផងក៏នាំខ្លួនពួកគេទាំង២នាក់មកសួនាំនៅប៉ុស្តិ៍ដើមឱ្យដឹងរឿងតែម្តង។

គួរកត់សម្គាល់ថា ប្រជាពលរដ្ឋជាទូទៅស្អប់ណាស់រឿងចោរកម្មដូច្នេះឱ្យតែលឺថាចោរជារឿយៗគេសង្កេតឃើញថាជនដែលគេចោទឬគេស្រែកដាក់ថាចោរៗនោះតែងតែត្រូវបានកាត់ទោសដោយប្រជាពលរដ្ឋគឺមានការវាយបែកមុខបែកមាត់និងខ្លះទៀតឈានដល់នៅសល់ត្រឹមដង្ហើមចង្រឹតក៏សឹងមានករណីនេះសំណាងល្អហើយដែលមានសមត្ថកិច្ចនៅក្បែរហើយបានអន្តរាគមន៍ភ្លាមៗបើមិនដូច្នេះទេមិនដឹងជាវាសនាមនុស្សដែលគេស្រែកដាក់ថាចោរៗនោះទៅជាយ៉ាងណានោះទេ៕

មតិយោបល់