ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកុងតឺន័រមួយគ្រឿងបើកឆ្លងខ្វះការប្រុងប្រយត្ន័ ត្រូវរថយន្តឡិចស៊ីសបើកគៀរបណ្តាលឲ្យរងការខូចខាត បែរជារថយន្តទាំងសងខាងមិនព្រមធ្វើការដោះស្រាយគ្នានោះទេ ព្រោះអាងក្រុមហ៊ុនធានារ៉ាប់រង ជាអ្នកមកដោះស្រាយជួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រ ម៉ាកVOLVO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-7593 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវលំ ក្នុងទិសដៅពីលិចទៅកើត ឡើងផ្លូវជាតិលេខ៣ លុះដល់ចំណុចកើតហេតុ រថយន្តនេះមិនមើលឆ្វេងស្ដាំសិនទេមុននឹងឆ្លង លុះឆ្លងជិតផុតទៅហើយ ស្រាប់តែមានរថយន្ត១គ្រឿងទៀត ម៉ាកឡិចស៊ីស RX-៣៥០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-1239 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង បានមកគៀរពីក្រោយ បណ្តាលឲ្យរថយន្តកុងតឺន័រនោះរងការខូចខាត។

ក្រោយពីកើតហេតុ ភាគីរថយន្តឡិចស៊ីស បានទារសំណងចំនួន៥០ដុល្លារ ប៉ុន្តែខាងរថយន្តកុងតឺន័រព្រមសងតែ២០ដុល្លារប៉ុណ្ណោះ ទើបអត់ត្រូវគ្នា ហើយក្រោយមកភាគីទាំងសង្ខាង សំអាងមានក្រុមហ៊ុនធានារ៉ាប់រងរៀងៗខ្លួនចាំមកដោះស្រាយទៅវិញ៕

https://youtu.be/3LP5sdIrl5o
មតិយោបល់