ភ្នំពេញៈ រថយន្តតូរីសដឹកដែក ចងមិនជាប់ដាច់ធ្លាក់ត្រូវរថយន្តដែលបើកនៅពីមុខ បណ្តាលឲ្យបែកកញ្ចក់ផ្នែកខាងក្រោយ សំណាងមិនមានអ្នករងរបួស។
ហេតុការណ៍ធ្វេសប្រហែសនេះបានកើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខវត្តទឹកថ្លា ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកប៊ីស៊ុយប៊ីស៊ី ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2O-2121 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តសាំយ៉ុង១៥កៅអី មួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2K-0261 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ ទិសដៅស្របគ្នាពីកើតទៅលិច ដោយមានដឹកដែកទីបជ្រុង ចងលើដំបូលរថយន្ត ពេលនោះរថយន្តប៊ុស៊ុយប៊ុស៊ី បានបន្ថយល្បឿនដោយស្ថានភាពផ្លូវបំបែកមានយានជំនិះឆ្លងកាត់ច្រើន ស្រាប់តែរថយន្តសាំយ៉ុងជាន់ហ្វាំងដែលធ្វើឲ្យដែកដែលចងលើដំបូលរថយន្តតូរីសនោះ របូតធ្លាក់មកត្រូវរថយន្តដែលបើកពីមុខបណ្តាលឲ្យបែកកញ្ចក់ផ្នែកខាងក្រោយតែមិនមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តសាំយ៉ុងបានធ្វើការសម្របសម្រួលជាមួយម្ចាស់រថយន្តរងគ្រោះដោយចេញថ្លៃជុសជុលជាទឹកប្រាក់ចំនួន៨០០ដុល្លារដើម្បីបញ្ចប់រឿង៕






https://youtu.be/w-J5XdrW38A
មតិយោបល់