ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងទំនើងប្រចាំខេត្តម្នាក់ ដែលដេញកាប់គ្នាផ្អើលក្រុងប៉ៃលិន

ប៉ៃលិន: សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ទៀត ដែលបម្រុងស្ទាក់វាយគ្នា។ ហេតុការណ៍បានធ្វើឡើងកាលពីវេលាម៉ោង៩ និង៣៥នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងខាងលើឈ្មោះ ធឿត ប៊ុនធឿន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានស្រុកកំណើតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា មុនឈានដល់ការចាប់ឃាត់ខ្លួនក្មេងទំនើងខាងលើ ក្រោយពីទទួលបានព័ត៌មានថា មានក្មេងទំនើងវាយគ្នានៅក្បែរសាលាខេត្ត ភ្លាមៗនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះល្បាតទើបប្រទះឃើញជនសង្ស័យខាងលើកំពុងផ្តុំគ្នា ក៏ចូលទៅមើលស្រាប់តែពួកគេទាំងនោះ បានបើកម៉ូតូរត់គេចខ្លួនតែម្តង តែសមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងម្នាក់ឈ្មោះ ធឿត ប៊ុនធឿន រួមនឹងវត្ថុតាងដាវសាម៉ូរ៉ៃចំនួន៦ដើម និងម៉ូតូមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មិនថាយប់ឬថ្ងៃ ខេត្តប៉ៃលិនសម្បូរទៅដោយក្មេងទំនើង ដើរបង្កភាពអសន្តិសុខដល់សង្គម និងតែងតែវាយតប់គ្នានៅតាម ផ្លូវ ដែលធ្វើឲ្យរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយពួកគាត់សំណូមពរសុំឲ្យសមត្ថកិច្ចប៉ូលិសខេត្ត និងអាវុធហត្ថខេត្ត មេត្តាចាត់វិធានក្តៅចំពោះក្មេងទាំងនេះផង ជាពិសេសគឺពេលយប់តែម្តង៕

មតិយោបល់