ព័ត៌មានជាតិ

បញ្ជូនខ្លួនមនុស្ស ០៣នាក់ទៅពន្ធនាគារឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធករណីដឹកជញ្ជូនឈើល្មើសច្បាប់

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះសាលាដំបូងខេត្តស្ទឹងត្រែង បានចេញដីការសម្រេចឃុំខ្លួនមនុស្សចំនួនបីនាក់បណ្តោះអាសន្នក្រោយពីអាវុធហត្ថលើផ្ទៃប្រទេសបានធ្វើការឃាត់ និងចាប់ខ្លួនព្រមទាំងរថយន្តសាំយ៉ុងដឹកបទល្មើសកាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅ ក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយចោទពីបទប្រមូលនិងដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាត។

មនុស្សទាំងបីនាក់ដែលត្រូវជាប់ចោទខាងលើមានឈ្មោះ ទី១ឈ្មោះ ងួន ភ័ក្រណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងផ្ទះ, ទី២ឈ្មោះ ហុង គឹមស្រេង ភេទប្រុស អាយុ៥៤ឆ្នាំ, ទី៣ឈ្មោះ ជុំ សុខគង់ ភេទប្រុស អាយុ២៨ឆ្នាំ។ អ្នកទាំងបីមានទីលំនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។
សូមបញ្ជាក់ថា រថយន្តសាំយ៉ុងដឹកឈើសុក្រំដែលអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបនិងឃាត់ខ្លួនមនុស្សចំនួនបីនាក់កាលពីថ្ងៃ២៤ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ គឺជាឈើរបស់ព្រះចៅអធិការវត្តព្រះនាម សូរ អោក យកទៅធ្វើមេទ្វារព្រះវិហា និង សាងសង់(វត្តពោធិវណ្ណារាម ហៅវត្តភូមិធំ)ដែលមានទីតាំងស្ថិតក្នុងភូមិធំឃុំសណ្តាន់ខេត្តក្រចេះ។

បន្ទាប់ពីលោកចៅអធិការទទួលបានដំណឹងថាសមត្ថកិច្ចឃាត់ខ្លួននិងមនុស្សក្នុងករណីបង្ក្រាបខាងលើនោះភ្លាម លោក និង ព្រះសង្ឃ ដរទៃទៀត ព្រមទាំង អាច្ចារ្យវត្ត គណកម្មការវត្ត បានធ្វើដំណើរពីខេត្តក្រចេះមកខេត្តស្ទឹងត្រែងដោយយកមកជាមួយនូវលិខិតបញ្ជាក់ពីមេឃុំសណ្តាន់ឈ្មោះ ស៊ីវ ស៊ីមឿន ចូលមកតុលាការខេត្តក្នុងបំណងសុំបិណ្ឌបាតមនុស្សទាំងបីនាក់នោះរួមទាំងឈើដែលសមត្ថកិច្ចបង្ក្រាបនោះ សុំឲ្យតុលាការជួយសម្រួលដោះស្រាយដោយក្តីអនុគ្រោះ។

ពាក់ពន្ធ័ក្នុងករណីបង្ក្រាបបទល្មើសខាងលើនេះលោក ជា ពេជ្រ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តស្ទឹងត្រែងបានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបនេះគឺដោយសារតែមានការរឹតបន្តឹងពីគណកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ហើយការដឹកជញ្ជូនឈើខាងលើពុំមានលិខិអនុញ្ញាត្តពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តទើបតុលាការសម្រេចចេញដីការឃុំខ្លួនជនសង្ស័យទាំងបីនាក់នេះ បណ្តោះអាសន្នសិនរង់ចាំធ្វើការស៊ើអង្កេតបន្តទៀត។
បច្ចុប្បន្ន មនុស្សទាំងបីនាក់ខាងលើត្រូវបានតុលាការសម្រេចចេញដីការបង្គាប់ឲ្យដាក់ពន្ធនាគាបណ្តោះអាសន្នចំណែកឯរថយន្តសាំយ៉ុងដឹកបទល្មើសត្រូវអូសយកមករក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើរួចរាល់ហើយ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ អាវុធហត្ថលើផ្ទៃប្រទេសបានឃាត់រថយន្តសាំយ៉ុង១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2C-1808 ត្រង់ចំណុចហូសផ្លូវបំបែកទៅខេត្តព្រះវិហារបន្តិចលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ដោយក្នុងរថយន្តនោះមានផ្ទុកឈើល្មើសច្បាប់ប្រភេទសុក្រំ កន្លះរថយន្ត។ ក្រោយការរាប់និង វាស់វែងពីមន្ត្រីជំនាញរួចមកឃើញថាឈើដែលនៅក្នុងរថយន្តនោះមានឈើចំនួន១៣៤ដុំស្មើ១.៤២៩ ម៉ែត្រគូប៕

photo_2016-10-26_18-26-09photo_2016-10-26_18-26-16photo_2016-10-26_18-26-18photo_2016-10-26_18-26-20photo_2016-10-26_18-26-22photo_2016-10-26_18-26-24photo_2016-10-26_18-26-26photo_2016-10-26_18-26-28photo_2016-10-26_18-26-30photo_2016-10-26_18-26-32photo_2016-10-26_18-26-34photo_2016-10-26_18-26-36photo_2016-10-26_18-26-39photo_2016-10-26_18-26-41photo_2016-10-26_18-26-43photo_2016-10-26_18-26-45photo_2016-10-26_18-26-47

មតិយោបល់