ព័ត៌មានជាតិ

ថ្លើមធំ! ចូលលួចគាស់ផ្ទះទាំងយប់ ម្ចាស់គេភ្ញាក់ទាន់ចាប់ដាក់ខ្នោះ

តាកែវ: លោកអធិការរងស្រុកបាទីបានប្រាប់ Post News ថា មានករណីជនសង្ស័យម្នាក់លួចគាស់ដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ហើយត្រូវម្ចាស់ផ្ទះចាប់បាន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សំ សត់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងមៀន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រីឯជនរងគ្រោះមានឈ្មោះ ប៉ុល ភឹម ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

ប្រភពដដែលបានបន្តថា នៅយប់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពលួចគាស់ដំបូលផ្ទះ(សង្កសី)ជនរងគ្រោះ តែពេលនោះជនរងគ្រោះបានភ្ញាក់ដឹងខ្លួនទាន់ហើយបានធ្វើការចាប់ខ្លួនជនសង្ស័យបានតែម្ដង។ ម្ចាស់ផ្ទះពុំមានបាត់បង់សម្ភារ:អ្វីនោះឡើយ ហើយវត្ថុតាងដកហូតបានរួមមាន ក្បាលពិលពណ៌លឿងលាយខ្មៅ១ ខ្សែក្រវាត់១ ដែកកេះ១ កាបូបដៃ១ និងកូនសោរ៤។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីសាកសួរនិងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់