អាមេរិកៈ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្ដេជ្ញានៅថ្ងៃព្រហស្បតិ៍ថា នឹងចាត់វិធានការដ៏ខ្លាំងក្លា ជាមួយប្រទេសកូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្តមីស៊ីលថ្មីរបស់របបមួយនេះ ហើយថែមទាំងបានជំរុញឲ្យប្រទេសនានា បញ្ជាក់ទៅកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាងថា នឹងមានលទ្ធផលអាក្រក់ សម្រាប់កម្មវិធីអាវុធរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។
កូរ៉េខាងជើងកាលពីថ្ងៃអង្គារ បានធ្វើតេស្តសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ដែលក្រុមអ្នកជំនាញមួយចំនួនជឿថា វាអាចហោះដល់រដ្ឋអាឡាស្កា, ហាវ៉ៃ ហើយទំនងជាឈានដល់តំបន់ Pacific Northwest របស់អាមេរិកទៀតផង ខណៈដែលកូរ៉េខាងជើង បានអះអាងថា មីស៊ីលខ្លួនអាចដឹកនាំក្បាលនុយក្លេអ៊ែរដ៏ធំទៅដល់ទឹកដីអាមេរិក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយប្រធានាធិបតីប្រទេសប៉ូឡូញលោក Andrzej Duda ប្រធានាធិបតីអាមេរិក បាននិយាយថា «កូរ៉េខាងជើង គឺកំពុងតែបង្កការគំរាមកំហែងមួយ ហើយយើងនឹងត្រូវប្រឈមមុខដ៏ខ្លាំងក្លាជាមួយវា» ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បាននិយាយថា អាមេរិកនឹងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់សម្ពាធការទូត លើក្រុងព្យុងយ៉ាងបន្ថែមទៀត ហើយអាចនឹងប្រើកម្លាំងយោធា ប្រសិនបើពួកគេចាំបាច់៕
មតិយោបល់