ព័ត៌មានជាតិ

២នាក់ប្តីប្រពន្ធ ជិះម៉ូតូចេញពីលេងភ្លេងទៅផ្ទះ ត្រូវក្រុមចោរដកកាំភ្លើង អាមេ ភ្ជង់ក្បាលគំរាមបាញ់ ប្លន់យកម៉ូតូទៅបាត់!

ភ្នំពេញៈ ប្តីប្រពន្ធវ័យចំណាស់២នាក់ ជិះម៉ូតូចេញពីលេងភ្លេងតាមហាងម្តុំផ្លូវ២០០៤ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ខណៈជិះតាមបណ្តោយផ្លូវជាតិ៣ ក៏ត្រូវក្រុមចោរមានគ្នា៤នាក់ប្រដាប់ដោយកាំភ្លើងខ្លី១ដើម មិនស្គាល់ម៉ាក ដេញតាមភ្ជង់ប្លន់ម៉ូតូម៉ាក ស៊ុយសាគីលែត បានសម្រេចហើយជិះរត់បានដោយសុវត្ថិភាព។

ហេតុការណ៍នេះនៅវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិ៣ ភូមិទួលកី សង្កាត់
ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសម្តីរបស់ជនរងគ្រោះបានឲ្យដឹងថារូបគាត់ជាប្តីមានឈ្មោះ នុន ស៊ីនឿន អាយុ៥៣ឆ្នាំ មុខរបរអ្នកលេងភ្លេងតាមហាងបៀរហ្គាឌិនម្តុំផ្លូវ២០០៤ ចំណែកប្រពន្ធរបស់គាត់ឈ្មោះ មឿន ជា អាយុ៥២ឆ្នាំ សព្វថ្ងៃស្នាក់នៅភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ចំណែក
ម៉ូតូដែលក្រុមចោរប្លន់យកទៅបាត់ម៉ាកស៊ុយស៊ីគីលែត ពណ៌ស ពាក់ស្លាកលេខ 1CD-8896។

ជនរងគ្រោះបានបន្តឲដឹងថា នៅមុនពេលកើតហេតុ គាត់និងប្រពន្ធបានចេញពីលេងភ្លេងក្នុងហាងបៀរហ្គាឌិនមួយកន្លែង ម្តុំផ្លូវ២០០៤ សង្កាត់កាកាបទី១ ដោយធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ឆ្ពោះមកផ្លូវជាតិលេខ៣ ដើម្បីទៅផ្ទះនៅសង្កាត់គងនយ លុះមកដល់ចំណុចកើតហេតុមុខការ៉ាស់សាំងសូគីមិច ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ក៏ស្រាប់តែមានជនសង្ស័យជិះម៉ូតូចំនួន២គ្រឿងមិនចាំម៉ាក ប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាក ជិះមកអែប ដកមកអាមេ គំរាមភ្ជង់បាញ់ ពេលនោះជនរងគ្រោះក៏ផ្តួលម៉ូតូដើម្បីរត់រួចខ្លួន ព្រោះកាណុងកាំភ្លើងដល់ក្បាលទៅហើយ ភ្លាមនោះបក្ខពួកជនសង្ស័យម្នាក់បានលើកយកម៉ូតូរបស់គាត់ជិះតាមផ្លូវជាតិ៣ សំដៅទៅទិសខាងត្បូងគេចខ្លួនបាត់អស់ ។

ក្រោយកើតហេតុកម្លាំង សមត្ថកិច្ចមូលដ្ឋានបានចុះដល់និងបានសួរនាំជនរងគ្រោះ រួចបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង កំណត់មុខសញ្ញាជនសង្ស័យ ដើម្បីតាមចាប់យកមកផ្តន្ទាទោស៕

មតិយោបល់