កំពង់ស្ពឺៈ លោកអធិការស្រុកភ្នំស្រួច បានប្រាប់ Post News ថា មានករណីហិង្សាដោយចេតនា បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិក្រាំងចចាត ឃុំមហាសាំង ស្រុកភ្នំស្រួច។
ជនរងគ្រោះឈ្មោះ ចាន់ ឆាំ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិត្រពាំក្រឡាញ់ ឃុំមហាសាំង បានមកលេងផ្ទះបងស្រីបង្កើតឈ្មោះចាន់ ឃន អាយុ៥១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ហើយក៏មានជនសង្ស័យឈ្មោះ ស៊ុន ចាន់ដា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ នៅអង្គុយទីនោះដែល ក៏បានជជែកគ្នាពីរឿងព្រះបែរមុខទៅទិសខាងណា ជជែកបានមួយសន្ទុះ ស្រាប់តែជនសង្ស័យខឹងក៏បានយកពូថៅដែលទុកនៅក្រោមគ្រែ យកមកវាយពីលើក្បាលជនរងគ្រោះ(វាយនឹងខ្នងពូថៅ)ចំនួន២ពូថៅ បណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយពេលវាយរួចជនសង្ស័យក៏រត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ចំពោះករណីខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់