បាត់ដំបង៖ មានកម្មករប្រមាណ៣០នាក់ដ បានដួលសន្លប់ នៅក្នុងរោងចក្រស្បែកជើងមួយកន្លែង នៅស្រុកសំពៅលូន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីជួយសង្គ្រោះ ដោយសារតែពួកគេមានការអស់កំលាំងក្នុងការខំធ្វើការលើសម៉ោង និងការទទួលស្រូបយកក្លិនសារធាតុជ័រកៅស៊ូពីក្នុងរោងចក្រ ទើបធ្វើឲ្យពួកគេ មានការដួលសន្លប់ជាបន្តបន្ទាប់បែបនេះ ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា កាលពីវេលាពីម៉ោង១០ និង១០នាទី នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងរោងចក្រផលិតស្បែកជើង មួយកន្លែង ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង គឺមាន កម្មករដែលបម្រើការជាកម្មករនៅក្នុងរោងចក្រនោះ បានដួលសន្លប់ជាបន្តបន្ទាប់ដែល គិតមកទល់នឹងម៉ោង១១គត់ មានចំនួន៣០នាក់ហើយដែលក្នុងនោះគឺមាននារីចំនួន ២៩នាក់ និងប្រុសម្នាក់ ។
សេចក្ដីរាយការណ៍ បានបន្តថា នៅពេលនោះដែរគឺមានកម្មករជាច្រើននាក់បានរត់ចេញមកក្រៅ និងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានកម្មករជាច្រើននាក់បានដួលសន្លប់បែបនេះ ហើយនៅពេលនោះដែរ គេសង្គេតឃើញថា ទាំងខាងសមត្ថកិច្ច ក៏ដូចជាខាងរោងចក្រ បានយករថយន្តមួយជួយដឹកកម្មករទាំងនោះបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ។
គួរបញ្ជាក់ថា កន្លងមករោងចក្រនេះធ្លាប់បង្កបញ្ហាបែបនេះ ច្រើនដងមកហើយ ដោយគ្រាន់តែមិនមានទ្រង់ទ្រាយធំតែប៉ុណ្ណោះ ហើយក៏គ្មានដំណោះស្រាយពីសំណាក់អ្នកដឹកនាំក្នុងរោងចក្រនេះដែរ រឿងដែលសំខាន់គឺ កម្មករមិនមានអ្នកម្នាក់ហ៊ានទម្លាយរឿងរ៉ាវ ដែលកើតមានឡើងនៅក្នុងរោងចក្រឡើយ ដោយសារតែមានការគំរាមថា បើមានការ បែកធ្លាយរឿងអ្វីមួយពីកម្មករណាម្នាក់ នោះរោងចក្រនឹងបញ្ឈប់ការងារភ្លាម ទើបពុំមាន នរណាហ៊ានទម្លាយរឿងប្រាប់សារព័ត៌មានឡើយ ៕
មតិយោបល់