ព័ត៌មានជាតិ

សភាកម្ពុជាចិន បង្កើនកិច្ចសហការ លើការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ

ភ្នំពេញ: ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា ចិន ថ្នាក់ដឹកនាំកំពូលៗ ទាំងក្នុងស្ថានប័ននិតិប្បញ្ញត្តិ និងនិតិប្រតិបត្តិបាននិងកំពុងបង្កើនកិច្ចពិភាក្សា និងជួបគ្នាជាញឹកញាប់ ហើយលើកនូវប្រធានបទសំខាន់ៗ មកធ្វើការពិភាក្សានិងរកនូវដំណោះស្រាយ សម្រាប់ការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។

លោក ងួន ញ៉ិល អនុប្រធានទី២ ជាតំណាងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោក លូ ហាវ (Lu Hao) ប្រធានគណៈកម្មាធិការការពារបរិស្ថាន និងធនធាន សភាប្រជាជនចិន នៅវិមានរដ្ឋសភា ខណៈដែលក្រុមគណៈប្រតិភូនេះ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៦ថ្ងៃគិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។

នៅក្នុងជំនួបពិភាក្សាការងារនោះលោក លូ ហាវ បានគូសបញ្ជាក់ថា “កិច្ចការការពារបរិស្ថានជាកិច្ចការសំខាន់ និងជាសកល ហើយប្រទេសជាច្រើនបានជួបបញ្ហានេះ។ សភាប្រជាជនចិន ចង់ផ្លាស់ប្តូរបទពិសោធន៍ជាមួយសភាប្រទេសកម្ពុជាលើការងារតាក់តែងច្បាប់ ដើម្បីការការពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ”។

លោក លូ ហាវ បានជម្រាបពីតួនាទីរបស់គណៈកម្មការការពារបរិស្ថាន និងធនធានទឹក របស់សភាប្រជាជនចិន មានភារកិច្ចសំខាន់ គឺតាក់តែងច្បាប់ ឃ្លាំមើលការអនុវត្តច្បាប់ ទាក់ទងវិស័យបរិស្ថាន។

កាលពីឆ្នាំកន្លងទៅគណៈកម្មការ បានតាក់តែងច្បាប់បានស្នើដល់រដ្ឋសភា អនុម័តច្បាប់មួយ ស្តីពីការការពារនិងគ្រប់គ្រងទឹក ហើយនៅឆ្នាំនេះ គណៈកម្មការនឹងជំរុញឲ្យសភា ប្រជាជនចិន អនុម័តសេចក្តីព្រាងច្បាប់មួយទៀត ស្តីពីការការពារដីដែលត្រូវបំពុល។

ជាមួយគ្នានោះលោក ងួន ញ៉ិល បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់គណៈកម្មការបរិស្ថាននិងធនធានទឹក និងបានចាត់ទុកដំណើរទស្សនកិច្ចនេះថា មានសារៈសំខាន់ក្នុងការជំរុញ និងបង្កើនទំនាក់ទំនងរវាងប្រទេសនិងប្រជាជនទាំងពីរ ជាពិសេសស្ថាប័ននិតិប្បញ្ញត្តិ ប្រទេសទាំងពីរឲ្យរឹងមាំថែមទៀត។

លោកបានជម្រាបជូនគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងខិតខំថែរក្សានិងអភិរក្សជីវចម្រុះ ដើម្បីរួមគ្នាទប់ស្កាត់ការឡើងកំដៅ និងការគ្រប់គ្រងកាកសំណល់ ជាដើម និងបានជំរុញឲ្យមានការប្រើប្រាស់ថាមពលកកើត ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបំពុលបរិយាកាសនោះ។

លោកអនុប្រធានទី២ បានជម្រាបជូនទៀតថា “បញ្ហាបរិស្ថាន គឺជាបញ្ហាសកល ដែលមិនអាចប្រទេសណាមួយធ្វើការការពារតែម្នាក់ឯងបានទេ កិច្ចការបរិស្ថាន តម្រូវឲ្យមានការចូលរួមពីបណ្តាប្រទេសទាំងអស់ ប្រជាជនទាំងអស់ ទើបទទួលបានជោគជ័យ ហើយដំណើរទស្សនកិច្ចដើម្បីផ្លាស់ប្តូរបទពិសោធន៍ រវាងសភាប្រជាជនចិន និងរដ្ឋសភាកម្ពុជា នៅពេលនេះ គឺមានសារៈសំខាន់ ដែលរដ្ឋសភាកម្ពុជាគាំទ្រនិងរួមសហការ”។

សូមបញ្ជាក់ថា ចិនជាប្រទេសឈរនៅលេខរៀងទី១ ក្នុងចំណោមប្រទេសមកបណ្តាក់ទុននៅកម្ពុជា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរប្រមាណ២ពាន់លានដុល្លារ និងបានប្តេជ្ញាជំរុញឲ្យទំហំពាណិជ្ជកម្ម ប្រចាំឆ្នាំកើនដល់៥ពាន់លាន នៅក្នុងឆ្នាំ២០១៧។ ចំណែកវិស័យទេសចរណ៍វិញ ប្រជាជនចិន បានមកទស្សនានៅកម្ពុជាចន្លោះពី៤០ម៉ឺន ទៅ៦០ម៉ឺននាក់ ក្នុងមួយឆ្នាំៗ៕

photo_2016-05-25_12-15-29 photo_2016-05-25_12-15-30 (2) photo_2016-05-25_12-15-30 photo_2016-05-25_12-15-29 (2)

មតិយោបល់