បន្ទាយមានជ័យៈ ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នលើមុខសញ្ញាមេខ្លោង រៀបគម្រោងប្លន់ប្រដាប់អាវុធ នៅស្រុកព្រះនេត្រព្រះ ដែលបានចាប់ខ្លួនកាលពីឆ្នាំ២០១៥ ដែលត្រូវបានដោះលែង មិនបានប៉ុន្មានថ្ងៃក្នុងខែឧសភា នេះ ស្រាប់តែមានការប្លន់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅស្រុកក្រឡាញ ខេត្តសៀមរាប ជាប់នឹងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក ឧត្តមសេនីយ៍ទោ អាត់ ខែម សរសេរតាមបណ្ដាញសង្គមហ្វេសប៊ុក របស់លោកឲ្យដឹងទៀតថា មុខសញ្ញាដែលត្រូវតុលាការដោះលែងមាន ឈ្មោះ ភឹង លាត ហៅ ឡោត លាត អាយុ៤៧ឆ្នាំ នៅភូមិ ស្វាយខ្មៅ ឃុំពន្លី ស្រុកភ្នំស្រុក ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ ជាមេខ្លោងរៀបគំរោងប្លន់ប្រដាប់អាវុធ នៅភូមិរំដួល ឃុំភ្នំលៀប ក្រោយស៊ើបអង្កេតរយៈពេលមួយខែ ត្រូវបានចាប់ខ្លួន តែត្រូវតុលាការខេត្តបន្ទាយមានជ័យដោះលែង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។
ក្រោយពីជននេះ រួចផុតពីការឃុំខ្លួន ស្រាប់តែនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ មានករណីប្លន់ នៅស្រុកក្រឡាញ់ជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ។ ដូចនេះ លោកសូមឲ្យមានការប្រុងប្រយ័ត្ន ជៀសវាងក្រែងមានអំពើអ្វីមួយកើតឡើង។
ក្រៅពីមុខសញ្ញានេះ លោកនឹងបង្ហាញពីបក្ខពួក៤នាក់ ទៀត ដែលសកម្មភាពប្លន់ប្រដាប់អាវុធ មានដីកាចាប់ខ្លួន តែចាប់មិនទាន់បាន។
ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសនានា លោក អាត់ ខែម ស្នងការនគរបាលខេត្តតែងតាមដានត្រួតពិនិត្យ និងចាត់ឲ្យកម្លាំងនគរបាលគ្រប់ស្រុក-ក្រុង ត្រូវតាមដានមុខសញ្ញាល្មើស ហើយបង្កើនការការពារខ្ពស់ជូនពលរដ្ឋ៕
មតិយោបល់