ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ស្នើឲ្យអ្នកពាក់ពន្ធ័ បង្កើនសកម្មភាពកាន់ តែខ្លាំង ក្នុងការទប់ស្កាត់បាតុភូតគ្រោះធម្មជាតិ

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការព្រួយបារម្ភជុំវិញបញ្ហាគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ដែលបានសម្លាប់មនុស្ស និងបំផ្លាញផ្ទះសម្បែង អាគារសាលារៀន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនាពេលកន្លងមក។

ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិតបញ្ចប់ការសិក្សា នៃសាកលវិទ្យាល័យអាស៊ីអឺរុប នៅវិទ្យាស្ថានអប់រំ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេច ហ៊ុន សែន បានស្នើឲ្យមន្ត្រីពាក់ពន្ធ័ទាំងអស់ ត្រូវបង្កើនសកម្មភាពឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីទប់ស្កាត់បញ្ហាគ្រោះធម្មជាតិ ដែលអាចបង្កឲ្យមានផលវិបាកនៅពេលក្រោយ។

សម្តេច ហ៊ុន សែន បានលើកឡើងថា នៅខេត្តក្រចេះ សាលារៀនទ្រេត និងប៉ើងដំបូលតាំងពីខែមេសា ដូច្នេះទើបធ្វើឲ្យសាលានោះ មិនអាចឲ្យសិស្សចូលរៀនបាន។ សម្តេចបានបញ្ជាក់ថា៖ “សាលារៀន និងមន្ទីរពេទ្យគឺត្រូវតែជាគោលដៅអាទិភាពមុនគេ នៃការធ្វើឡើងវិញ ដោយមិនអាចទុកឲ្យ កូនសិស្សមកសាលារៀន ឬមិនអាចទុកឲ្យមន្ទីរ ពេទ្យអត់មានសកម្មភាព នៅពេលមានផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់ ក្នុងរយៈពេល កន្លងទៅនោះទេ”។

ត្រង់ចំណុចនេះសម្តេច ហ៊ុន សែន បានស្នើឲ្យមានការយកចិត្តទុកដាក់ចំពោះប្រជា ពលរដ្ឋ ដែលទទួលផលប៉ះពាល់ នៃការបាក់ផ្ទះសម្បែង ព្រោះពេលខ្លះក្នុង១ថ្ងៃ ខ្យល់កន្ត្រាក់អាចបំផ្លាញផ្ទះ រហូតដល់ទៅរាប់រយខ្នងឯណោះ។

បើយោងតាមប្រសាសន៍សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ក្នុងឆ្នាំនេះ ការព្យាករណ៍ ពីកម្ពស់ទឹកភ្លៀងនៅទីក្រុងភ្នំពេញអាចមាន ៩,៣០ម៉ែត្រ ដោយឡែកការទស្សន៍ទាយ ឆ្នាំមុនកម្ពស់ទឹកភ្លៀងមានដល់ទៅ៩,៥០ម៉ែត្រ ប៉ុន្តែជាក់ស្តែងកម្ពស់ទឹកទន្លេ ស្ថិតនៅក្រោយ ៧ម៉ែត្រ។ បញ្ហាទឹកទន្លេរាក់ មិនមែនកើតមានតែនៅប្រទេសកម្ពុជានោះទេ សូម្បីតែប្រទេស ចិន មីយ៉ាម៉ា ថៃ ឡាវ ក៏បានទទួលរងនូវឥទ្ធិពលនេះផងដែរ។

សូមបញ្ជាក់ថា ឥឡូវនេះទឹកទន្លេមេគង្គងចាប់ផ្តើមជ្រៅ ខណៈប្រទេសចិនបានបញ្ចេញទឹកពីទន្លេឡាងឆាង ទម្លាក់ចូលមកទន្លេកម្ពុជា៕

13124943_1007416722640158_2656302225058751616_n

មតិយោបល់