ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជួញដូរ ដកហូតថ្នាំញៀន ប្រមាណ៣០០០គ្រាប់

បាត់ដំបងៈ កម្លាំងសមត្ថកិច្ចចំរុះ ចុះប្រតិបត្តិការឡោមព័ន្ធ រុករកនូវសារធាតុញៀន ឈានដល់ការក្របួច.កជនសង្ស័យម្នាក់ លាក់ទុកថ្នាំញៀនប្រមាណ៣០០០គ្រាប់ ។

ប្រតិបត្តិការនេះ ចាប់តាំងពីម៉ោង១និង៣០នាទី រសៀល ទៅទល់នឹងម៉ោង៥និង៥០នាទី ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ដឹកនាំកម្លាំងចំរុះ មានកម្លាំងរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយនឹងកំលាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំលាំងអធិការដ្ឋាន នគរបាលស្រុក ដោយមានការចូលរួមពីលោក ហេង លុយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហុង ពៅ ភេទប្រុស អាយុ៦០ឆ្នាំ បានប្រើពេលវេលាជាច្រើនម៉ោងក្នុងការរុករកនូវសារធាតុញៀន ដែលជនសង្ស័យលាក់ទុក។ កម្លាំងចំរុះបានរកឃើញគ្រឿងញៀនចំនួន ៣ប្រភេទគឺ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួនមួយកញ្ចប់តូច ថ្នាំគ្រវីប្រភេទ K ហិត ចំនួន១៥កញ្ចប់តូច និងគ្រឿងញៀនប្រភេទយ៉ាម៉ា ចំនួន៣០០០គ្រាប់ ។

ក្នុងកិច្ចប្រតិបត្តិការនេះ គឺសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ មិនបានអនុញ្ញាតឲ្យធ្វើការសាកសួរជនសង្ស័យនៅក្នុងមូលដ្ឋានឡើយ ដោយបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទាំងអស់ចេញភ្លាមៗពីមូលដ្ឋាន ឆ្ពោះទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីសាកសួររកប្រភពដែលជាមេក្លោង នៅពីខាងក្រោយ ទើបរៀបចំបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕

image2 image1 image3

មតិយោបល់