ភ្នំពេញៈ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ខណៈដែលរូបនាង និងប្តី បាននាំគ្នាទៅដើររកត្រី ហើយក៏ជួបនិងសត្វឆ្កែមួយហ្វូងដេញខាំរត់ចែកជើងគ្នា ហើយបុរសជាប្តីរត់ទៅដល់ផ្ទះតែម្នាក់ឯង បាត់ប្រពន្ធមិនឃើញក៏រត់ទៅប្តឹងកម្លាំងមានសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ ហើយទើបបានប្រទះឃើញសពអណ្តែតទឹកនៅក្នុងទឹកបឹងមួយកន្លែង។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៨ និង ១៥នាទីព្រឹក ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧ នៅចំណុចទឹកបឹងក្នុងដីឡូតិ៍គ្មានលេខមួយកន្លែង ដែលស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ កាល់ ស្រីម៉ុ អាយុ២៨ឆ្នាំ មុខរបររកត្រី បុរសជាប្តីឈ្មោះ តុប សុវណ្ណសក្តិ អាយុ៣៤ឆ្នាំ មុខរបររកត្រី ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជាមួយគ្នា។
មុនពេលកើតហេតុ កាលពីវេលាម៉ោង២ រំលងអធ្រាត្រ ស្ត្រីរងគ្រោះ និងប្តីបាននាំគ្នាដើររកត្រីដើម្បីយកទៅលក់យកលុយមកផ្គត់ផ្គង់គ្រួសារ នៅចំណុចខាងលើ បានត្រីប្រហែលជា ៤គីឡូទៅហើយនោះ ក៏ស្រាប់តែមានឆ្កែមួយហ្វូងបានដេញខាំពួកគាត់ ក៏រត់ចែកជើងគ្នាប្រាស់អាយ៉ូសរៀងៗខ្លួន។តាមប្រភពដដែលបានប្រាប់បន្តទៀតថា លុះពេលបុរសជាប្តីរត់ទៅដល់ផ្ទះបាត់មិនឃើញស្រ្តីជាប្រពន្ធមកដល់ផ្ទះ លុះព្រឹកឡើងក៏រត់ទៅប្តឹងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នាចុះទៅរកក៏បានប្រទះឃើញសពស្ត្រីជាប្រពន្ធអណ្តែតទឹកស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មបាត់ទៅហើយ។
ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋាន និងជំនាញក៏បានចុះទៅដល់ធ្វើការត្រួតពិនិត្យ និង កោសលវិច័យបានឃើញថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារតែលង់ទឹក ទើបប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណីវិញ៕
មតិយោបល់