ព័ត៌មានជាតិ

រថយន្តស្ទូចបើកថយក្រោយ បុករះរថយន្តនិងម៉ូតូរ៉ឺម៉កជាច្រើនគ្រឿង រងការខូចខាតនៅមុខផ្សារសុវណ្ណា!…

ភ្នំពេញ: មានរថយន្តចំនួន២គ្រឿង និង ម៉ូតូរ៉ឺម៉កចំនួន២គ្រឿងសរុបចំនួន៤គ្រឿង ដែលចតទុកចោលនៅស្ងៀមនោះបាន ទទួលនូវការខូចខាតយ៉ាងដំណំ ដោយសារតែរថយន្តស្ទូចមួយគ្រឿងទំនងជាដាច់ហ្វ្រាំង ខណ:ដែលបើកថយក្រោយ ហើយដាច់ហ្វ្រាំងជាប់មិនស៊ីទៅបុកជាបន្តបន្ទាប់នោះ តែមិនបានបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលវេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨ នៅចំណុចខាងមុខផ្ទះគ្មានលេខមួយកន្លែង ដែលស្ថិតនៅផ្លូវ ផ្លាទីនូម មុខផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានឃើញមានរថយន្តស្ទូច ធន់ធំមួយ គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-6988 ដែលបើកបរដោយបុរសម្នាក់ បើកបរក្នុងទិសដៅ ពីត្បូងទៅជើងចូលមកផ្សារសុវណ្ណា។ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តស្ទូចមួយគ្រឿងនោះក៏បាន បើកបត់ទៅ ខាងឆ្វេងដៃតែដោយសារតែផ្លូវតូច និងមានរថយន្តជាច្រើនគ្រឿងចតនៅសងខាងផ្លូវទំនងជាទៅមិនរួចនោះ។ពេលនោះ បុរសអ្នកបើកបរក៏បាន ដាល់លេខបើកថយក្រោយវិញ ក៏ស្រាប់តែអ្នកបើកបរជាន់ហ្វ្រាំងមិនស៊ីនិង ថយទៅបុករ ថយន្ត និង ម៉ូតូរ៉ឺម៉ក ទាំង៤គ្រឿង ដែលគេចតទុកចោលនៅស្ងៀមខាងក្រោយបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង តែមិនបានបណ្តាលឲ្យមានមនុស្សណារងគ្រោះថ្នាក់ឡើយ ហើយបុរសអ្នកបើកបរ ម្នាក់នោះក៏បានចុះ ពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។ រថយន្តដែលរងការខូចខាតមានដូចជា រថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង រថយន្តឃ្លុបដឹកទំនិញមួយគ្រឿង ម៉ូតូរ៉ឺម៉កឃ្លុនដឹកទំនិញមួយគ្រឿង និង ម៉ូតូរ៉ឺម៉កកង់បី ចំនួនមួយគ្រឿងទៀតផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌចម្ការមនក៏បានចុះទៅធ្វើការវាស់វែង និង មានអ្នកតំណាងខាងភាគី រថយន្តស្ទូចបង្កចេញមុខមកធ្វើការដោះស្រាយគ្នា ដោយយល់ព្រមយករថយន្តចំនួន២គ្រឿង និងម៉ូតូរ៉ឺម៉កចំនួន២គ្រឿង ដែលរងការខូចខាតទៅធ្វើការជួសជុលឲ្យ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ៕

មតិយោបល់