ព័ត៌មានជាតិ

ព្រួញមួយបាញ់បានសត្វ២! ឃាត់ខ្លួនមនុស្ស២នាក់ជាបន្តបន្ទាប់ ដកហូតថ្នាំញៀន៤៥កញ្ចប់

កំពង់ស្ពឺ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងធ្វើការឃាត់ខ្លួនបានជាបន្ទាប់ដកហូតបានថ្នាំញៀនចំនួន៤៥កញ្ចប់។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ទី១១ ខែកក្កដា ឆ្នាំ២០១៧។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ គុយ ហៀងគ្រី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ២០៣របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ចុះ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយចៅក្រម ជូ លឹមហ៊ាង នៅចំណុចភូមិឡ ឃុំកាហែង។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានធើ្វការឆែកឆេរឈ្មោះ គុយ ហៀងគ្រី ដកបានថ្នាំញៀនចំនួន ១៤កញ្ចប់តូច ហើយតាមចម្លើយរបស់ ហៀង គ្រី ចំពោះថ្នាំញៀននេះខ្លួនទិញពីឈ្មោះ ម៉ាង ខេម ហៅ ចយ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិឡរ ឃុំកាហែង ទើបសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនឈ្មោះ ម៉ាង ខេម នៅនឹងផ្ទះ និងធើ្វការឆែកឆេរដកហូតបានថ្នាំញៀនចំនួន ៣១កញ្ចប់តូច ដែលបិតជាប់និងក្រដាស់ប្រាក់១០០រៀល ទូរសព្ទដៃ១គ្រឿង ។

សរុបទាំងអស់ថ្នាំញៀនដែលដកហូតបានមានចំនួន ៤៥កញ្ចប់តូច ទូរសព្ទដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់