បន្ទាយមានជ័យ: មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ប្រមាណ ២ទៅ៣នាក់ ត្រូវ បានដកចេញពីតំណែង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម បានរកឃើញភាពខ្វះចន្លោះប្រហោង ក្នុងការបំពេញតួនាទីការងារមិនបានល្អ នៅក្នុងរយៈពេល១ខែកន្លងមកនេះ។
ជុំវិញបញ្ហានេះ បើយោងតាមគេទំព័ររបស់អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦បានឲ្យដឹងថា លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានព្រមានចាត់វិធានការក្តៅចំពោះមន្ត្រីក្រោមឱវាទ រហូតអាចឈានដល់ការដកចេញពីតំណែងថែមទៀត ប្រសិនបើមន្ត្រីនោះ មិនបានអនុវត្តការងារតាមផែនការរបស់ថ្នាក់លើ និងធ្វើឲ្យមានភាពអសកម្មនៅក្នុងការងារ ជាហេតុធ្វើឲ្យការបំពេញការងារគ្មានប្រសិទ្ធភាព។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ចំពោះមន្ត្រីរាជការនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅមន្ទីរកសិកម្មខេត្ត។
លោក វេង សុខុន បានលើកឡើងថា ការព្រមានដកតំណែងនេះ គឺត្រូវបានធ្វើឡើងក្រោយ ពីលោកបានដកតំណែង មន្ត្រីជាន់ខ្ពស់ពីរទៅបីនាក់ ក្នុងរយៈពេលលោកកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងកសិកម្មជាង១ខែមកនេះ ព្រោះមន្ត្រីមួយចំនួន មិនបានបំពេញការងារ តាមកំណែទម្រង់ស៊ីជម្រៅ របស់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាឡើយ ដែលនេះបង្ហាញថាមន្ត្រីនោះ ពិតជាមានភាពអសកម្មក្នុងការបំពេញការងាររបស់ខ្លួន។
ជាមួយគ្នានេះ លោកវេង សុខុន បានធ្វើការអំពាវនាវឲ្យមន្ត្រីកសិកម្មទាំងអស់ ត្រូវធ្វើការងារឱ្យសកម្មបំផុត ដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសាមគ្គីផ្ទៃក្នុងឱ្យបានល្អ ជាពិសេសកុំលាភពណ៌គ្នាទៅវិញទៅមក ក្នុងគោលបំណងកាច់កុងនិងជាន់ពន្លិចគ្នា ដែលបង្កឱ្យមានផលប៉ះពាល់សតិអារម្មណ៍ និងដំណើរការងារក្នុងអង្គភាព។
មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីទាំងអស់ត្រូវមានការទប់ស្កាត់ និងកុំឃុបឃិតជាមួយឈ្មួញខិលខូច រាល់ការនាំចូលសត្វបក្សីខុសច្បាប់ និងសាច់សត្វ មាន់ខូចគុណភាពបង្កឲ្យប៉ះ ពាល់សុខភាព ដល់ប្រជាពលរដ្ឋ៕
មតិយោបល់