ភ្នំពេញៈ យុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីលែត ពាក់ស្លាកលេខកំពង់ស្ពឺ 1H-4197 បានជួបគ្រោះថ្នក់ចរាចរណ៍នៅចំណុចស្តុបពេទ្យចិន ស្រាប់តែដួលខ្ទាតចេញដាវស៊ាំម៉ូរ៉ៃ១ដើមចេញពីកែបម៉ូតូ ហើយបានយកទៅលាក់ទុកនៅក្រោមដើមពោធិ៍ក្បែរកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញក៏រាយការណ៍ជូនសមត្ថកិច្ចធ្វើការឃាត់ខ្លួន វាយខ្នោះយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីធ្វើការសាកសួរតែម្តង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅស្តុបបែកជាបួន ពេទ្យចិន ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៣នាក់ ក្នុងនោះទី១ឈ្មោះ កូវ វីរៈ អាយុ១៧ឆ្នាំ ជាម្ចាស់ម៉ូតូនិងដាវស៊ាំម៉ូរ៉ៃ បានឲ្យដឹងថា ខ្លួនធ្វើដំណើរពីខេត្តកំពង់ស្ពឺមកលេងភ្នំពេញ ហើយបានដាក់ដាវស៊ាំម៉ូរ៉ៃនៅក្រោមកែបម៉ូតូដើម្បីការពារខ្លួន ព្រោះខ្លាចគេមកប្លន់យកសម្ភារៈមានតម្លៃរបស់ខ្លួន។ ទី២ឈ្មោះ ផល សុទ្រុន អាយុ១៦ឆ្នាំ ស្នាក់នៅខេត្តកំពង់ស្ពឺ ជាអ្នករួមដំណើរ និងទី៣ឈ្មោះ ហុង អាយុ១៩ ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅខេត្តកំពង់ស្ពឺ ស្រុកបាត្ដឹង ជាអ្នករួមដំណើរ។
ប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា យុវជនទាំង៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីលែត ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-4197 បានជួបគ្រោះថ្នាក់ ចរាចរណ៍នៅផ្លូវព្រះសីហនុ កែងនឹងផ្លូវព្រះមុនីវង្សស្តុបពេទ្យចិន ដោយបុកគ្នានឹងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យខ្លួនដួលបោកទៅនឹងថ្នល់ខ្ទាត ចេញដាវស៊ាំម៉ូរ៉ៃ១ដើមហើយក៏យកទៅលាក់ទុកនៅក្រោមដើមពោធិ៍១ដើមដែលនៅក្បែរកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋឃើញក៏ប្រញាប់ទៅប្រាប់សមត្ថកិច្ចទើបសម្ថកិច្ចធ្វើការស្វែងរកឃើញដាវស៊ាំម៉ូរ៉ៃ១ដើមដែលជនសង្ស័យខាងលើបានលាក់ទុក រួចក៏ឃាត់ខ្លួនវាយខ្នោះយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់