ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

ភ្នំពេញ: កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារកណ្ដាល១បានធ្វើការល្បាត ឃើញជនសង្ស័យម្នាក់ ដូចជាមានការសង្ស័យបានឆែកឆេរក៏បានរកឃើញនូវសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់តូច។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ១៣០ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ សាន្ត រ៉ាវុធ អាយុ៣០ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបររើសអេតចាយ ជនសង្ស័យបានបញ្ចាក់ឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានដើរើសសំរាមតាមបណ្ដោយផ្លូវ១៣០ ហើយក៏រើសបានប្រអប់មួយ នៅពេលដែលបើកមកខ្លួនក៏ឃើញមាននូវសារធាតុញៀនចំនួន៨កញ្ចប់តូចរួចបានយកមករក្សារទុកនៅនឹងក្នុងខ្លួន ហើយបានបន្ថែមទៀតថាខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនអស់រយ:ពេលជិត១០ឆ្នាំមកហើយ។

ចំពោះវត្ថុតាងដកហូតបាន មានសារធាតុញៀនប្រភេទម៉ាទឹកកក ចំនួន៨កញ្ចប់តូច រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀតផងដែរ។

កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារកណ្ដាល១ បានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារកណ្ដាល១បានធ្វើការល្បាតនៅតាមបណ្ដោយផ្លូវ១៣០ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ឃើញជនសង្ស័យម្នាក់ដូចជាមានការសង្ស័យបានឆែកឆេរ ក៏បានរកឃើញនូវសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន៨កញ្ចប់តូចដែលជនសង្ស័យរក្សារទុកនៅក្នុងខ្លួន ហើយធ្វើការឃាត់ខ្លួនដើម្បីសួរនាំបន្តទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសម្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារកណ្ដាល១ឃាត់ខ្លួននិងសួរនាំដើម្បីសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់