ព័ត៌មានជាតិ

ក្មេងស្ទាវ​២​ក្រុម​បើក​សុទ្ធតែ​រថយន្ត​ទំនើប​ដែល​ជា​កូនអ្នកមាន​ដេញ​វាយ​គ្នា​ប្រសាច​តាមផ្លូវ​

ភ្នំពេញ ៖ ក្មេងស្ទាវ​២​ក្រុម​បាន​បង្ក​អោយ​ការភ្ញាក់ផ្អើល​ដោយ​ពួកគេ​បើក​សុទ្ធតែ​រថយន្ត​ទំនើបៗ​បាន​ដេញ​វាយ​គ្នា​នៅមុន​ហាង​ម៉ាស្ទឺ​ស៊ុប​គី​ស៊ុប តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធា​រស់ យ៉ាង​អានាធិបតេយ្យ​កាលពី​វេលា​ម៉ោង ៩​និង​២០​នាទី​យប់​ថ្ងៃទី​២២​ខែ​ឧសភា​ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​ហេតុការណ៍​ខាងលើ​នេះ​ត្រូវបាន​ប្រភព​ព័ត៌មាន​ឃើញ​មុនដំបូង​បានអោយដឹងថា គេ​បាន​ឃើញ​រថយន្ត​រ៉េ​ង​រ៉ូ​វើ ស៊េរី​ទំនើប​មួយ​គ្រឿង​ដែល​សុទ្ធតែ​ក្រុម​ក្មេងស្ទាវ​នៅក្នុង​រថយន្ត​នោះ​បើក​ប្រដេញ​គ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​លុច​ស៊ី​ស RX350 ដែល​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុធា​រស់ រហូតមក​ដល់​ទល់មុខ​ហាង​ម៉ាស្ទឺ​ស៊ូ​គី​ស៊ុប ក៏​ក្រុម​ក្មេងស្ទាវ​ទាំងនោះ​ឈប់​រថយន្ត​ចុះ​មក​ដេញ​វាយ​គ្នា​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ​ធ្វើអោយ​ភាគី​ខាង​បង្ក​ឡើង​រថយន្ត​បើក​គេចខ្លួន​បាត់​ស្រមោល​ភ្លាមៗ​នៅសល់​តែ​ភាគី​ខាង​រង​គ្រោះ​ក៏​មាន​រងរបួស​បែកក្បាល​ម្នាក់​ផង​ដែរ​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា ចំពោះ​ហេតុការណ៍​ខាងលើ​នេះ​គឺ​ផ្ដើមឡើង​ដោយ​ការ​ទើស​ពាក្យសំដី​គ្នា​កុង​គ្នា​ទៅវិញទៅមក ទើប​ឈាន​ដល់​ការប្រទុស​សា​រ៉ាយ​បែបនេះ​តែ​ម្ដង​។ បន្ទាប់ពី​កើតហេតុ​ភាគី​ខាង​រង​របួស​មិន​បាន​ដាក់ពាក្យ​ប្ដឹង​ឡើយ​ព្រោះ​បាន​និយាយថា ភាគី​ខាង​បង្ក​ដែល​ជិះ​រថយន្ត​រ៉េ​ង​រ៉ូ​វើ​ខាងលើ ក៏​ត្រូវ​ជា​មិត្ត​ភ័ក្តិ អញ្ចឹង​គេ​ចង់​អោយ​មក​ធ្វើ​ការសម្របសម្រួល​គ្នា​វិញ​វា​ល្អ​ជា ព្រោះ​វា​មិន​ចង់​មានរឿង​វែងឆ្ងាយ​ត​ទៅ​មុខ​ទៀត​៕

2014-05-23_094934

មតិយោបល់