បាត់ដំបងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញ ក្មេងប្រុសតូចម្នាក់ ដែលមានអាយុ៤ឆ្នាំ បានលង់ទឹកស្រះស្លាប់ដោយគ្មាននរណាម្នាក់បានដឹង ក្រោយពីឪពុកម្តាយរវល់នឹងការងារ មិនបានប្រយត្ន័ជាមួយកូន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
សាកសពក្មេងប្រុសខាងលើមានឈ្មោះ ភន កក្កដា ភេទប្រុស អាយុ៤ឆ្នាំ ដោយមានឪពុកឈ្មោះ ផុន ផន អាយុ៣៤ឆ្នាំ មុខរបរកម្មករ និងម្តាយ ឈ្មោះ សេង រី អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ចំណែកមូលហេតុដែលបណ្តាលឲ្យក្មេងនេះលង់ទឹក គឺកើតឡើងខណៈដែលឪពុកម្តាយជាប់រវល់នឹងការងារ ទើបក្មេងៗបាននាំគ្នាចុះ លេងទឹកស្រះ នៅចម្ងាយពីផ្ទះប្រហែល២៥ម៉ែត្រ បណ្តាលឲ្យស្លាប់តែម្តង។
បច្ចុប្បន្ន សាកសពក្មេងប្រុសខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕


មតិយោបល់