ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់ ពីបទបើកបរដោយធ្វេសប្រហែស បង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ!

បន្ទាយមានជ័យ: ដោយបានការអនុញ្ញាតពី លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទើបនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២និង១៨នាទី កម្លាំងមន្ទីរយុត្តិធម៌ចំនួន៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចំនួន៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ងួន ចាន់ អនុប្រធានមន្ទីរយុត្តិធម៌ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៧៣ ចេញដោយលោក គឹម ហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃុំ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឲ្យស្លាប់ដល់អ្នកដទៃ ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៧ ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃុំ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ តាមបទបញ្ញត្តិមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។ បទល្មើសនេះជាបទល្មើសដែលត្រូវផ្ដន្ទាទោសដាក់ពន្ធគារ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឲ្យដឹងថា ជនដែលត្រូវចោទឈ្មោះ មុត ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ កម្លាំងអាវុធហត្ថយើងបានធ្វើការឃាត់ខ្លួនបាននៅចំណុចហាងកាហ្វេ រស្មីភ្នំពេញ(៨៨៨) ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្ថែមទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនបានហើយជនដែលត្រូវចោទត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើកំណត់ប្រគល់ទទួលទៅឲ្យសមត្ថកិច្ចអាវុធហត្ថខេត្តត្បូងឃ្មុំ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំតាមដីកាបង្គាប់ឲ្យចាប់ខ្លួនផងដែរ៕

មតិយោបល់