ព័ត៌មានជាតិ

ករណីបាញ់ដូចគ្នា ឈាន ពិសិដ្ឋ និង លឹម ចំណាន ដេកសោយសុខ ខណៈឈ្មោះ ទូច បូភាព ប្រឈមការដេកគុក!

ភ្នំពេញៈ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ (Phnom Penh Gendarmerie) បានបញ្ជាក់ថា ករណីខ្មាន់កាំភ្លើងឈ្មោះ ទូច បូភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ដែលបានបាញ់ ជិត ១០គ្រាប់នៅក្នុងទឹកដីខណ្ឌដូនពេញ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនោះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហៅមកសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ។

គួរកត់សម្គាល់ថា ករណីស្រដៀងគ្នានេះ គឺលោកវរសេនីយ៍ទោ លឹម ចំណាន អត្តលេខ៥៤៨៥៧ កូនប្រុសលោក ប៉ុល លឹម បានបាញ់គំរាមពលរដ្ឋផងដែរ កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតបុរីប៉េងហួតបឹងស្នោរ។ ក្រោយការបាញ់បោះនោះលោក លឹម ចំណាន ដែលមានឪពុកជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានសម្តេច ស ខេង សម្រេចដាក់ពិន័យត្រឹមដកហូតដំណែងពីនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឲ្យមកជាមន្ត្រីនិងបន្ថយឋានន្តរសក្តិ១ថ្នាក់ មកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី ក្នុងមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ តែប៉ុណ្ណោះ។

រឿងដាច់ដោយឡែកមួយទៀតបានកើតឡើងនៅឯខេត្តបន្ទាយមានជ័យគឺលោកឈាន ពិសិដ្ឋ អតីតនាយរងប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិប៉ោយប៉ែត បាន ប្រើអាវុធខ្លីម៉ាកហ្វេអាកុល បាញ់ប្រហារ ប៉ុនប៉ងផ្តាច់ជីវិតជនរងគ្រោះឈ្មោះ សេម មករា តួនាទីនាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដូចគ្នា កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ក្នុងបរិវេណប៉ុស្តិ៍អន្តោប្រវេសន៍ ហើយត្រូវបាន លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យចេញដីកាបង្គាប់ឲ្យចូលខ្លួនតាំងពីសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ក៏ឈ្មោះ ឈាន ពិសិដ្ឋ នៅតែមានសេចក្តីសុខដដែលដោយគ្មាននគរបាលណារំខាននោះទេ។

រហូតមកដល់ពេលនេះឈ្មោះ ឈាន ពិសិដ្ឋ នៅតែជាជនជាប់ចោទដែលមានក្តីសុខព្រោះតែ នគរបាលនៅមិនទាន់ចាប់ខ្លួន ឈាន ពិសិដ្ឋ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក មុយ សុភ័ក្រ ចៅក្រមស៊ើបសួរខេត្តបន្ទាយមានជ័យ ដោយបាន
ចោទប្រកាន់ពីបទ ប៉ុនប៉ងឃាតកម្ម និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ២៧ មាត្រា ១៩៩ និងមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ៕

មតិយោបល់