ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការសហការពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការដេញបង្ក្រាបនិងឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាព ឆក់កាបូបពីប្រជាពលរដ្ឋ តែមិនបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចការដ្ឋានសំណង់ ផ្លូវលេខ១១០ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបបានខាងលើនេះ មានឈ្មោះ ថៃ ចាន់លីហ្វា ហៅស៊ឹម វិជ្ជា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤បេ ផ្លូវលេខ៩៣ ប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ចំណែកជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២៦ឆ្នាំ ជិះម៉ូតូម៉ាក Honda Today ពណ៌ស (ពុំបានដាក់ពាក្យបណ្តឹងនោះទេ )។
ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន អាវុធខ្លី១ដើមម៉ាក BABY HI-CARA ពណ៌ខ្មៅ បង់មួយ និងមានបំពង់ហ្គាស ចំនួន៣បំពង់។
មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ គេបានឃើញជនរងគ្រោះជាមនុស្សស្រី អាយុប្រហែល២៦ឆ្នាំ ជិះម៉ូតូម៉ាក Honda Today ពណ៌ស ដោយមានស្ពាយកាបូប មួយពណ៌ខ្មៅ នៅចំហៀងខាងស្តាំ ធ្វើដំណើរតាមផ្លូវលេខ១១០ ក្នុងទិសដៅពីកើតមកលិច ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា ៦នាក់ ជិះម៉ូតូ៤គ្រឿង តាមមកពីក្រោយ អែបទន្ទឹម ខាងស្តាំធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះ តែឆក់យកអត់បានសម្រេចនោះទេ ក៏ត្រូវជនរងគ្រោះស្រែកចោរៗ ទើបមានការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចកំពុងល្បាត បានដេញតាមរហូតដល់មុខវត្តនាគវ័ន្ត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់។ ចំណែក៥នាក់ទៀត គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់