ព័ត៌មានជាតិ

ជួញគ្រឿងញៀនឡើងកក្រើក ជ្រកក្រោមស្លាកផ្ទះលក់ចាប់ហ៊ួយ ត្រូវអាវុធហត្ថបង្ក្រាបបាន ដកហូតជិត៥០កញ្ចប់ និងទូរសព្ទជិត៣០គ្រឿង!

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានសហការជាមួយអភិបាលរងខណ្ឌទួលគោក បានចុះធ្វើការបង្ក្រាបទីតាំងចែកចាយនិងជួញដូរគ្រឿងញៀន មួយកន្លែងដែលជ្រកក្រោយផ្ទះលក់ចាប់ហ៊ួយ ឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងដកហូតថ្នាំញៀន៤៧កញ្ចប់ និងទូរសព្ទដៃ ២៦គ្រឿង។

ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះគឺធ្វើឡើងកាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះលក់គ្រឿងចាប់ហ៊ួយ និងអ៊ុតសក់យីហោ លីន ឈីង ផ្ទះលេង៧ ផ្លូវ៥៩៨ (ត្រឡោកបែក) ភូមិ៧ ក្រុម៣៥ សង្កត់បឹងកក់២ ខណ្ឌទួលគោក។

មន្ត្រីអាវុធហត្ថបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ដែលឃាត់ខ្លួនបាននោះ ទី១-ឈ្មោះ ប៉ិច ច័ន្ទមុន្នី ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ លក់ចាប់ហួយ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិតាព្រហ្ម ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងទី២-ឈ្មោះ សុត ស្រីវីន ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ អ៊ុតសក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

មន្ត្រីអាវុធហត្ថបានបន្តទៀតថា មុនពេលទៅឈានដល់ការចុះបង្ក្រាបករណីនេះ កម្លាំងរបស់ពួកគាត់បានធ្វើការស្រាវជ្រាវដោយប្រើប្រាស់ជំនាញស៊ើបអង្កេត។ លុះដល់វេលាកើតហេតុ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ឡុង វិចិត្ត្រា មេបញ្ជាការកងរាជអាវុធហ្ថតខណ្ឌទួលគោក និងមានការសហការពីលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបទីតាំងខាងលើជាក់ស្តែង និងឆែកឆេរដកហូតបានវត្ថុតាងគ្រឿងញៀន ៤៧កញ្ចប់តូច ទូរសព្ទដៃ ២៦គ្រឿង និងថងសម្រាប់ច្រកមួយចំនួន រួមទាំងឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ។

នៅពោះមុខកម្លាំងកងរាជអាវុធហត្ថជនសង្ស័យជាម្ចាស់ផ្ទះខាងលើបានឆ្លើយសារភាពថា ថ្នាំញៀនខាងលើរូបគេទើបតែចាប់ផ្ដើមលក់បានជាង១ខែទេ ហើយក្នុងមួយថ្ងៃគាត់លក់អស់ ៤០កញ្ចប់ក្នុង មួយកញ្ចប់តំលៃ ២០០០០ម៉ឺនរៀល។ ហើយថ្នាំញៀនទាំងអស់នេះគឺមានបុរសម្នាក់ទៀតមិនស្គាល់ឈ្មោះ គឺតែងតែយកមកលក់ឲ្យរូបគេជារឿងលក់ត ជារៀងរាល់ថ្ងៃ ហើយរូបគេសម្រេចចិត្តលក់ថ្នាំញៀននេះ គឺដើម្បីយកលុយមកព្យាបាលជំងឺរលៀកខួរឆ្អឹងខ្នងរបស់រូបគេ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហ្ថតនាំខ្លួនយកទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោកដើម្បីបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញរង់ចាំបញ្ជូនបន្តតុលាការដើម្បីធ្វើការចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់