ព័ត៌មានជាតិ

កុងតឺន័រមួយគ្រឿង គេចពីរថយន្តដឹកអេតចាយ ជ្រុលទៅតុងតឺន័រមួយទៀតរួចបន្តបុកទម្លុះចូលផ្ទះបោកអ៊ុតទំនើបពេញទំហឹង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តតឺន័រហ៊ីយ៉ានដាយ មួយគ្រឿង ធ្វើដំណើរតាមដងផ្លូវ លុះដល់ចំណុចផ្លូវកោង បានវាក់អើជាមួយ និងរថយន្តដឹកអេតចាយមួយគ្រឿង ដែលបើកមកចតនៅលើចិញ្ចើមផ្លូវ ធ្វើឲ្យអ្នកបើកបររថយន្តកុងតឺន័រហ៊ីយ៉ានដាយ ព្យាយាមបើករថយន្តគេច ក៏ជ្រុលទៅបុករថយន្តតឺន័រធន់ធំមួយគ្រឿងទៀត ដែលបើកបរបញ្រ្ចាសទិសគ្នា ចំពីចំហៀងខាងឆ្វេង រួចរថយន្តបង្កបានព្យាយាមបួងចង្កូតគេច ក៏ជ្រុលទៅបុករះចូលផ្ទះប្រជាពលរដ្ឋ ដែលមានយីហោ បោកអ៊ុតទំនើប យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរគៀបជើងជាប់នៅក្នុងរថយន្ត រងរបួសស្រាល ប៉ុន្តែសំណាងល្អដែលមិនបង្កឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរផ្លូវនោះ ក៏ដូចជាម្ចាស់ផ្ទះ រងរបួសធ្ងន់ធ្ងរអ្វីនោះឡើយ គ្រាន់តែខូចខាតសម្ភារ:មួយចំនួនប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងែទី១៣ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ៣៧១ ម្តុំផ្សារប៉េសេ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រធុនធំមួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ដែលពាក់ស្លាកលេខ កំពង់ចាម 3A- 3844 បើកបរក្នុងទិសដៅពីកើតមកលិច ខណ:មកដល់កន្លែងកើតហេតុខាងលើ ក៏មានបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីលិចទៅកើត បញ្ច្រាសទិសគ្នាលុះដល់ចំណុចកើតហេតុម្តុំផ្សារប៉េសេ រថយន្តកុងតឺន័រហ៊ីយ៉ាន់ដាយខាងលើ បានវាក់អើ ជាមួយនិងរថយន្តដឹកអេតចាយមួយគ្រឿង ដែលបើកមកចតនៅលើចិញ្ចើមផ្លូវ ធ្វើឲ្យអ្នកបើករថយន្តហ៊ីយ៉ាន់ដាយ ព្យាយាមបើកគេច ក៏ជ្រុលទៅបុកជាមួយរថយន្តតឺន័រធុនធំខាងលើ ចំពីចំហៀងផ្នែកមុខខាងឆ្វេង ភ្លាមនោះរថយន្តបង្កបានព្យាយាមបួងចង្កូតគេចពីរថយន្តកុងតឺន័រធុនធំ ក៏ជ្រុលទៅបុករះចូលផ្ទះរបស់ប្រជាពលរដ្ឋដែលមានស្លាកយីហោ បោកអ៊ុតទំនើប យ៉ាងពេញទំហឹង បណ្តាលឲ្យរបងផ្ទះ បាក់ចូលក្នុង ប៉ុន្តែសំណាងដែលគ្មានអ្នករងរបួសធ្ងន់ធ្ងរ។ រីឯរថយន្តកុងតឺន័រធុនធំខាងលើ ក៏បានរងការខូចខាតផ្នែកមុខខាងឆ្វេងយ៉ាងដំណំផងដែរ។ ចំណែកអ្នកបើកបរថយន្ត បានគៀបជើងជាប់នៅក្នុងរថយន្ត រងរបួសស្រាល ត្រូវបានអ្នកធ្វើការជាមួយមកជួយសង្គ្រោះ នាំចេញពីរថយន្តភ្លាមៗ ។

ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងកកស្ទះតាមបណ្តោយផ្លូវលេខ៣៧១យ៉ាងខ្លាំង ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ និងបានធ្វើការឃាត់ និងនាំខ្លួនអ្នកបើកបររថយន្តហ៊ីយ៉ានដាយ ទៅសួរនាំផងដែរ ដោយអ្នកបើកបររថយន្តរូបនោះមានឈ្មោះ សុខ សុខា ភេទប្រុស អាយុ២៦ឆ្នាំ បុច្ចប្បន្នស្នាក់នៅក្នុងក្រុមហ៊ុនកំពង់ផែភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់