ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិនម្នាក់បើករថយន្ត ស្ថិតក្នុងស្ថានភាពស្រវឹង បានបុកម៉ូតូហ្សូមើអិច មួយគ្រឿងពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់ រួចព្យាយាមបើករថយន្តគេច តែត្រូវសមត្ថកិច្ចដេញតាមចាប់បានមកវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែររង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

អ្នកបើកបររថយន្តខាងលើនេះមានឈ្មោះ CHANG WEN YUAN ភេទប្រុស អាយុ ៥២ឆ្នាំ ស្នាក់នៅក្នុងក្រុងភ្នំពេញ រួមដំណើរជាមួយស្ត្រីអ្នកបើកប្រែម្នាក់ទៀត ឈ្មោះ ដៀន ស្រី នាង អាយុ២១ឆ្នាំ ស្នាក់នៅខេត្តកណ្តាល

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ រថយន្តម៉ាក ឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2600 បើកបរដោយបុរស ជនជាតិចិនម្នាក់រួមដំណើរជាមួយនិងអ្នកបើកប្រែភាសាចិន បានបើកតាមបណ្តោយផ្លូវខាងលើចេញពីក្លឹបក្បែររង្វង់តោ២ លុះដល់ចំណុចកើតហេតុ រថយន្តបានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកហ្សូមើអិច ពណ៌ខ្មៅ បើកបរដោយ យុវជនម្នាក់ ឈ្មោះណាប ហៀន ភេទ ប្រុសអាយុ ២៤ឆ្នាំមានទីលំនៅសង្កាត់លេខ០១ក្រុងព្រះសីហនុ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីពេទ្យបង្អែកចម្ការចេក។

ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ គឺបានព្យាយាមបើកគេចត្រូវបានសមត្ថកិច្ចដេញតាមរហូតបានចម្ងាយជិត២០គីឡូម៉ែត្រ អាចឃាត់រថយន្តនិងអ្នកបើកបរ បានបញ្ជូនមកកាន់ការិយាល័យចរាចរណ៍ខេត្តព្រះសីហនុ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់