ព័ត៌មានជាតិ

ស្រវឹងជិះRang Rover​ក្នុងល្បឿនលឿនបុករបាំងចែកទ្រូងផ្លូវដាច់កាឡេទៅមុខលែងរួច

ភ្នំពេញ: រថយន្ដសេរីទំនើបម៉ាកRang Rover មិនបន្ថយល្បឿនត្រង់ចំណុចផ្លូវកោង ជ្រុលចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យរបាំងថ្មចំនួនពីរកង់ខ្ទាតចេញពីគ្នា ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង២០នាទី ទៀបភ្លឺ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចខាងមុខវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់ថា រថយន្ដបង្កម៉ាកRang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AM-2509 បើកបរដោយបុរសម្នាក់ វ័យប្រហែល ៣៦ទៅ៣៧ឆ្នាំក្នុងស្ថានភាពស្រវឹងហើយបានបុករបាំងចែកទ្រូងផ្លូវ ក្រោយពីបង្ករហេតុរួចជនបង្កបានចុះពីរថយន្ដគេចខ្លួនបាត់ ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។

សាក្សីដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កបើកតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង ហើយមិនបន្ថយល្បឿនយកចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតខ្ទាតចេញពីរជួរចំនួន២កង់ ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួច។

ប្រភពពីមិត្តភក្តិរបស់ម្ចាស់រថយន្ដបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺម្ចាស់រថយន្ដទើបតែចេញពីហាងនៅម្ដុំទួលទំពូង ហើយពេលចេញមកវិញក៏ជួបគ្រោះថ្នាក់ចររាចរណ៍តែម្ដង។ក្រោយពេលកើតហេតុម្ចាស់រថយន្ដបានចុះពីរថយន្ដ ហើយជិះម៉ូតូរបស់មិត្តភក្តិចេញពីកន្លែងកើតហេតុបាត់ ដោយទុករថយន្ដនៅកន្លែងកើតហេតុ។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុសំរួលចររាចរណ៍និងបានទំនាក់ទំនងទៅកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្ករទៅរក្សាទុក នៅការិយាល័យចររាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់