ព័ត៌មានជាតិ

Update៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌ៧មករា ឃាត់ខ្លួនដកហូតបានអាវុធខ្លី១ដើម

ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការជានគរបាលមូលដ្ឋានប៉ុស្តិ៍បឹងព្រលឹត ឃាត់ខ្លួនជនសង្ស័យ២នាក់ដែលប្រជាពលរដ្ឋបានរាយការណ៍មកភ្លាមៗថា មានជនសង្ស័យ២នាក់ជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ជាមុខសញ្ញាឆក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្មាំ២០១៧ ត្រង់ចំណុចផ្លូវ៩៣ មុខអង្គការ មេត្តាករុណា ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២ ទី១ឈ្មោះ នេត ថាវុធ អាយុ២៥ឆ្នាំ ភេទប្រុស ស្នាក់នៅផ្ទះលេខ៤៥E៣ ផ្លូវ២៤៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២ឈ្មោះ ចាន់ មនោរង្សី ភេទប្រុស ឋានន្តរសក្តិពលបាលត្រី អត្តលេខ២៤៥៣៩៨ អាយុប្រហែល ២៥ឆ្នាំ មុខរបរ កម្លាំងកងរាជអាវុធហត្ថនៅខេត្តកោះកុង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យទាំង២ គឺកម្លាំងនគរបាលមូលដ្ឋានប៉ុស្តិ៍បឹងព្រលឹត បានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានជនសង្ស័យ២នាក់ជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ មុខសញ្ញាឆក់យ៉ាងសកម្ម ពេលនោះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញមុខសញ្ញាជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GF-8030 ដូចដែលប្រជាពលរដ្ឋរាយការណ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យដោយឆែកជនសង្ស័យឃើញជាក់ស្ដែង ដកហូតអាវុធ១ដើម ម៉ាករឡូ គ្មានលេខ។ បន្ទាប់ពីធ្វើការឃាត់ខ្លួននៅកន្លែងកើតហេតុ ជនសង្ស័យម្នាក់ ដែលតាំងខ្លួនជាកងកម្លាំងអាវុធហត្ថ មិនព្រមឡើងម៉ូតូជាមួយនគរបាលដើម្បីនាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលធ្វើការសាកសួរទេ ដូច្នេះក៏ទាក់ទៅកម្លាំងអាវធហត្ថខណ្ឌ៧មករា មកនាំខ្លួនជនសង្ស័យ ថាយកមកប៉ុស្ដិ៍ដើម្បីធ្វើការសាកសួររួមគ្នាជាមួយជនសង្ស័យម្នាក់ទៀត តែកម្លាំងអាវុធហត្ថបាននាំជនសង្ស័យមកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករាតែម្ដង។

ពាក់ព័ន្ធករណីនេះ ជនសង្ស័យម្នាក់រួមទាំងអាវុធខ្លី១ដើម ត្រូវបាននគរបាលនាំមកប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងព្រលឹត ដើម្បីសាកសួរនិងធ្វើការពិនិត្យសារធាតុញៀនឃើញមានការប្រើប្រាស់សារធាតុញៀន និងម្នាក់ទៀតដែលតាំងខ្លួនជាអាវុធហត្ថ ត្រូវបានឃាត់ខ្លួនរួមនឹងម៉ូតូ កម្លាំងកងរាជអាវុធហត្ថនាំមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា។

សូមបញ្ជាក់ផងដែរថា ចំពោះបញ្ហានេះ កម្លាំងនគរបាលនិងនាំជនសង្ស័យម្នាក់រួមទាំងកាំភ្លើង កសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកជនសង្ស័យម្នាក់ទៀតដែលនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា មិនទាន់ដឹងថាចាត់ការយ៉ាងណានោះទេ៕

មតិយោបល់