កណ្តាលៈ កាលពីវេលាម៉ោង៨ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ មានករណីអំពើលួច (ខ្សែដៃផ្លាទីន ដាំត្បូងពេជ្រចំនួន១ខ្សែ និងចិញ្ជៀនពេជ្រ១វង់) នៅចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះជិន ចាន់ធី ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរមេផ្ទះ។ ជនសង្ស័យមានឈ្មោះ អ៊ីម រ៉ាវី ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ អ្នកបម្រើនៅផ្ទះជនរងគ្រោះ។
សម្ភារៈបាត់បង់ ៖ ខ្សែដៃផ្លាទីនដាំពេជ្រចំនួន០១ខ្សែ, ចិញ្ជៀនផ្លាទីនដាំពេជ្រចំនួន០១វង់។
កន្លងមកជនសង្ស័យនិងប្ដី បានមកធ្វើកម្មករឡឥដ្ឋឲ្យជនរងគ្រោះរយៈពេលមួយឆ្នាំមកហើយ។ ក្រោយមកដោយជនរងគ្រោះអាណិតក៏យកមកបម្រើការងារក្នុងផ្ទះវិញ។ លុះមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៧និង៣០នាទី ជនរងគ្រោះក៏បានទៅផ្សារទិញម្ហូប ដោយបើកទ្វារទុកឲ្យជនសង្ស័យបោសសំអាតនិងជូតផ្ទះ ដល់វេលាម៉ោង៨,៣០នាទីជនរងគ្រោះក៏បានមកផ្ទះវិញ ហើយបានឃើញទ្វារបន្ទប់ប្លែក ក៏ដើរចូលទៅក្នុងបន្ទប់ បើកទូរកញ្ចក់មើលស្រាប់តែឃើញបាត់ខ្សែដៃពេជ្រ០១ខ្សែ ជនរងគ្រោះចេញមកសួរជនសង្ស័យ ជនសង្ស័យប្រកែកថាខ្លួនមិនបានយកទេ។ លុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យក៏បានយកខ្សែដៃរបស់ជនរងគ្រោះទៅលក់ឲ្យអ្នកលក់មាសនៅផ្សារព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្នុងតម្លៃ៥៨០,០០០រៀល រួចក៏យកលុយនោះទៅឲ្យម្ដាយ ហើយជនសង្ស័យក៏មកផ្ទះជនរងគ្រោះធ្វើការតាមធម្មតា។ លុះមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៩,៣០នាទី ជនរងគ្រោះបានសួរនាំជនសង្ស័យបន្តទៀត ជនសង្ស័យក៏បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចខ្សែដៃជនរងគ្រោះយកមកលក់ឲ្យអ្នកលក់មាសនៅផ្សារព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ពិតប្រាកដមែន ក្នុងពេលនេះដែរជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យឲ្យសមត្ថកិច្ចប៉ុស្តិ៍ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ឬស្សីជ្រោយ។
ក្រោយពីបានទទួលពាក្យបណ្ដឹងរួច នៅវេលាម៉ោង០៩និង៣០នាទីសមត្ថកិច្ចប៉ុស្តិ៍ បាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញទីកន្លែងអ្នកទិញនៅផ្សារព្រែកតាមាក់ ហើយអ្នកទិញឆ្លើយថាខ្លូនពិតជាបានទិញខ្សែដៃនោះពីជនសង្ស័យពិតប្រាកដមែន ប៉ុន្តែខ្សែដៃនោះបានដុតរំលាយអស់ហើយ។ ករណីនេះផ្នែកជំនាញកំពុងស្រាវជ្រាវនិងបន្តនីតិវិធីតាមច្បាប់៕
មតិយោបល់