ព័ត៌មានជាតិ

ស្ត្រីម្នាក់ឆបោកតាមFacebook និងជនបរទេសចំនួន៣នាក់ស្នាក់នៅខុសច្បាប់ ត្រូវកម្លាំងជំនាញឃាត់ខ្លួន

ភ្នំពេញៈ កម្លាំងជំនាញឃាត់ខ្លួនស្ត្រីជនជាតិខ្មែរម្នាក់ និងជនបរទេស៣នាក់ ពាក់ព័ន្ធករណី២ផ្សេរគ្នារួមមាន

ករណីទី១ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
វត្ថុតាងដកហូតបាន៖
-ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IC-7298
-ទូរស័ព្ទ០៤គ្រឿង
-ក្រដាស់ដកលុយវីង០១សន្លឹក (ដកមិនបានសម្រេច)។

ដំណើររឿង៖ មុនពេលកើតហេតុម្ចាស់ Facebook ឈ្មោះ Michael Johnson មានទំនាក់ទំនង ជាមួយជនរងគ្រោះឈ្មោះ វណ្ណនី ភេទស្រី អាយុ ៥៥ ឆ្នាំ មុខរបរកសិករ រស់នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល តាម Facebook អស់រយៈពេលពីរខែបន្ទាប់មកឈ្មោះ Michael Johnson ធ្វើការលួងលោមបោកប្រាស់ជនរងគ្រោះតាមរយៈ Messenger ដោយប្រាប់ថាជាជនជាតិអង់គ្លេស មានចិត្តអាណិតអាសូរជនរងគ្រោះ ព្រោះឃើញនិងដឹងថាជនរងគ្រោះ មានជីវភាពខ្សត់ខ្សោយ ខ្វះជំរកស្នាក់នៅសមរម្យ ដូចនេះគេនឹងផ្ញើប្រាក់ គ្រឿងអលង្កា សម្ភារៈ ដើម្បីសង់ផ្ទះ និងផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យប្រសើរឡើង។ ខណៈមកដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ម្ចាស់អាខោនឈ្មោះ Michael Johnson ទាក់ទងទៅជនរងគ្រោះតាមរយៈ Messenger ឲ្យផ្ញើលុយជាបន្តបន្ទាប់នៅក្នុងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ គិតជាទឹកប្រាក់សរុបអស់ចំនួន៨,៤៥០ដុល្លារសហរដ្ឋអាមេរិក ក្រោយមកជនរងគ្រោះដឹងថាគេបោកក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបណ្ដឹង សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ រ៉ុម សុខលាង ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលជាអ្នកដើរតួជាអ្នកធ្វើការប្រៃសណីយ៍ និងជាអ្នកទៅដកប្រាក់ ដែលជនរងគ្រោះវេរប្រាក់តាម Wing។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ ដែលកំពុងស្នាក់នៅផ្ទះជួល ស្ថិតសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណីទី២ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២០ ត្រង់ចំណុចផ្ទះជួលក្នុងបុរី «លឹម ឈាងហាក់» ស្ថិតភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ឃាត់ខ្លួនជនបរទេសចំនួន៣នាក់ ស្នាក់នៅខុសច្បាប់និងបទល្មើសផ្សេង

ជនបរទេសទាំង៣នាក់រួមមាន៖
១/ឈ្មោះ EMMANUEL SUNJAY អាយុ ៣១ ឆ្នាំ ជនជាតិនីហ្សេរីយ៉ា។
២/ឈ្មោះ GABRIEL PHILEP អាយុ ២១ ឆ្នាំ ជនជាតិនីហ្សេរីយ៉ា។
៣/ឈ្មោះ លីធី ង្វឿងថាវ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម។
អ្នកទាំង០៣នាក់ស្នាក់នៅផ្ទះជួលក្នុងបុរី «លឹម ឈាងហាក់» ស្ថិតភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

វត្ថុតាងដកហូតបាន៖
-លេបថប០៣គ្រឿង
-ទូរស័ព្ទ០៩គ្រឿង
-ដុំសម្រាប់ប្រើអ៉ីនធើណេត០២ដុំ
-ស៊ីមកាតមួយចំនួនធំ និងសម្ភារមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមច្បាប់៕

មតិយោបល់