យោងតាមរបាយការណ៍មួយដែលរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង វិទ្យាស្ថាន Potsdam សម្រាប់ការស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុ (PIK) បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុ នឹងបង្កឲ្យមានការបំផ្លិចបំផ្លាញចំពោះ បណ្តាប្រទេសនានានៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះ កំណើនសេដ្ឋកិច្ចរបស់ពួកគេនៅពេលអនាគត។
កំណើនសីតុណ្ហភាពទាំងនេះនឹងបណ្តាលឲ្យមានការប្រែប្រួលយ៉ាងគំហុក ចំពោះប្រព័ន្ធធាតុអាកាសក្នុងតំបន់ វិស័យកសិកម្ម និងជលផល ដី និង ជីវចម្រុះនៅក្នុងទឹក សន្តិសុខជាតិ និងតំបន់ ពាណិជ្ជកម្ម ការអភិវឌ្ឍន៍តំបន់ទីក្រុង ទេសន្តរប្រវេសន៍ និង សុខភាព។
លោក Bambang Susantono អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ឲ្យដឹងថា «វិបត្តិអាកាសធាតុសកល គឺជាបញ្ហាប្រឈមដ៏ធំបំផុតដែលមនុស្សកំពុងជួបប្រទះនៅក្នុងសតវត្សរ៍ទី ២១ ដោយតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាចំនុចស្នូលនៃបញ្ហាទាំងអស់នេះ»។
បណ្តាប្រទេសនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺជាលំនៅដ្ឋានរបស់ជនក្រីក្រចំនួនពីរភាគបី នៅក្នុងពិភពលោក និងត្រូវបានចាត់ទុកថាជាតំបន់មួយដែលងាយរងគ្រោះបំផុត ទៅនឹងការប្រែប្រួលអាកាសធាតុ។
បណ្តាប្រទេសនៅអាស៊ី និង ប៉ាស៊ីហ្វិក មាន ការប្រឈមខ្ពស់បំផុតក្នុងការធ្លាក់ចូលទៅក្នុងភាពក្រីក្រកាន់តែជ្រាលជ្រៅ និង គ្រោះមហន្តរាយ ប្រសិនបើ កិច្ចខិតខំកាត់បន្ថយ និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ មិនត្រូវបានអនុវត្តឲ្យបានឆាប់រហ័ស និង រឹងមាំទេនោះ។
ការប្រែប្រួលអាកាសធាតុ ក៏នឹងធ្វើឲ្យផលិតកម្មស្បៀងអាហារនៅក្នុងតំបន់កាន់តែមានការលំបាក និង ធ្វើឲ្យថ្លៃដើមផលិតខ្ពស់ជាងមុនផងដែរ។ នៅក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ីអាគ្នេយ៍ ទិន្នផលស្រូវអាចធ្លាក់ចុះរហូតដល់ ៥០% ត្រឹមឆ្នាំ២១០០ ប្រសិនបើពុំមានកិច្ចខិតខំប្រឹងប្រែងបន្សាំណាមួយត្រូវបានធ្វើឡើងទេនោះ។
លើសពីនេះទៀត អាកាសធាតុដែលកាន់តែក្តៅនៅក្នុងតំបន់ អាចបង្កគ្រោះថ្នាក់ដល់ការផ្គត់ផ្គង់ថាមពល អស្ថេរភាពថាមពលក៏អាចនាំឲ្យមានជម្លោះផងដែរ អាស្រ័យដោយប្រទេសនានាអាចប្រជែងគ្នា ដើម្បីទទួលបានការផ្គត់ផ្គង់ថាមពលដ៏មានកម្រិត។
គួរជម្រាបដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តទៅលើកំណត់ហេតុថវិកាហិរញ្ញប្បទានអាកាសធាតុ ចំនួន ៣.៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៦ ព្រមទាំងបានប្តេជ្ញាបន្តពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត រហូតដល់ ៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០៕
មតិយោបល់