កំពង់ឆ្នាំងៈ លោកអធិការរងស្រុករលាប្អៀរ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តមួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ បានជែងរថយន្តមួយគ្រឿងទៀត ជ្រុលមកបុកម៉ូតូជនរងគ្រោះម៉ាក វ៉េវអាល់ហ្វា ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣១ នាទីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុច តាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៧៥-៧៦ ក្នុងភូមិអូរតានេស ឃុំរលាប្អៀរ ខេត្តកំពង់ឆ្នាំង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-7864 ជិះឌុបគ្នាដោយបុរស២នាក់ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាជាមួយរថយន្តពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តបង្កមួយគ្រឿងមិនចាំម៉ាក បើកបរក្នុងល្បឿនលឿន ជែងជាមួយរថយន្តមួយគ្រឿងទៀត ជ្រុលចង្កូតទៅបុកជនរងគ្រោះពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់មួយរំពេច ចំណែករថយន្តបង្កបានគេចខ្លួនបាត់ស្រមោលតែម្តង៕
មតិយោបល់