ព័ត៌មានជាតិ

ចោរដៃស្អិតឆក់កាបូបបាន តែរត់មិនរួចទ្រោមខ្លួន ជាប់ខ្នោះទៀត

ភ្នំពេញ: ក្រុមចោរឆក់ដៃស្អិត២នាក់ត្រូវបានម្ចាស់កាបូប និងប្រជាជនដេញចាប់បាន ហើយស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន សំណាងល្អបានសមត្ថកិច្ចឃាត់ទាន់ បើពុំនោះទេ ច្បាស់ជាតុលាការប្រជាជនកាត់ទោសនៅហ្នឹងកន្លែងបាត់ទៅហើយ។

ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បង្កឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ នៅចំនុចខាងជើងកែងវត្តទួលសង្កែ តាមបណ្តោយផ្លូវលេខ៦២ ក្រុម១២ ស្ថិតក្នុងភូមិទូលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ប្រភពបន្តថា ជនសង្ស័យមានគ្នា២នាក់ ទី១.ឈ្មោះ ខុន សំខាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិដប្រាកដ មានទីលំនៅ ម្តុំវត្តគ្រោះ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ តែសព្វថ្ងៃមកជួលផ្ទះស្នាក់នៅក្រោយវត្ត សារាវត្តី សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ ជាអ្នកបើកម៉ូតូ ទី២.ឈ្មោះ ថា សូដែន ហៅសីហា ហៅអូន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិដប្រាកដមានទីលំនៅ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ជាអ្នកឆក់ ជិះម៉ូតូធ្វើសកម្មភាពម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០០៦ គ្មានស្លាកលេខ ចំណែកជនរងគ្រោះមានឈ្មោះ យិន សេងលាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទៅលំនៅ ផ្ទះលេខ៣ផ្លូវM០៤ ក្នុងបូរីប៉េងហួត សង្កាត់និរោទិ ខណ្ឌច្បារអំពៅ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AR-4037 រីឯសំភារះដែលចោរឆក់នោះរួមមាន ទូរស័ព្ទ IPhone 6 ពណ៌មាស កាបូបដៃមានប្រាក់ ៤០ដុល្លារ និងសម្ភារ:មួយចំនួនទៀត។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូចេញពីធ្វើការម្តុំអង់តែនទួលគោក តាមផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង មានបំណងទៅចូលរួមបុណ្យសព មិត្តភក្ត្រនៅម្តុំគីឡូម៉ែត្រលេខ៩ តែពេលដែលជិះមកដល់ចំនុចម្តុំលក់ផ្កាផ្លូវ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿង មកអ៊ែបខាងឆ្វេងដៃ ហើយធ្វើសកម្មភាពឆក់កាបូបយកទៅបាត់។

ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះរូបគេបានជិះដេញតាមពីក្រោយ រហូតមកដល់កែងវត្តទួលសង្កែ សង្កាត់ទួលសង្កែ ដោយសារតែចរាចរចង្អៀត ស្ទះផ្លូវផង ធ្វើឲ្យជនសង្ស័យជិះទាក់ដៃចង្កូត និងអ្នកដំណើរ ទើបម្ចាស់កាបូបរួមទាំងអ្នកដំណើរព័ទ្ធចាប់បាន ហើយមិនតែប៉ុណ្ណោះក៏មានការបញ្ចេញកំហឹងលើលោកចោរទាំងនោះមួយទៅ២ដៃម្នាក់ ធ្វើឲ្យពួកគេសន្លប់ សមត្ថកិច្ចមកដល់ឃាត់ខ្លួនយកទៅសាកសួរនៅនគរបាលប៉ុស្តិ៍ទួលសង្កែតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ បានប្រគល់សម្ភារ:ទាំងអស់ជូនម្ចាស់ដើមវិញ ចំណែកជនសង្ស័យត្រូវបានសម្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ធ្វើរបាយការណ៍ហើយប្រគល់ឲ្យទៅប៉ុស្តិ៍គីឡូលេខ៦ ចាត់ការតាមនិតិវិធី៕

photo_2016-05-26_06-19-55 photo_2016-05-26_06-19-51 photo_2016-05-26_06-19-50

មតិយោបល់